កាលពីថ្ងៃអាទិត្យម្សិលមិញនេះ តារាហូលីវូដម្នាក់ដែលអ្នកគាំទ្រស្គាល់នាងតាមរយៈរឿងភាគ "Pretty Little Liars” បានបង្ហាញខ្លួននៅផ្សារធំថ្មី រាជធានីភ្នំពេញជាមួយមិត្តភក្តិតារាល្បីៗ ២-៣ រូប។ បើយោងទៅតាមការបង្ហោះរូបភាពផ្សេងៗរបស់នាងលើបណ្ដាញសង្គម តារាៗដែលចូលរួមជាមួយនាងនៅទីនេះមាន លោក Elliot Knight ដែលសម្ដែងរួមគ្នាជាមួយ Lucy Hale និងតារាម្នាក់ទៀត គឺលោក Steven R. McQueen ជាតារាសម្ដែងសំខាន់មួយរូបដែរនៅក្នុងរឿងភាគដ៏ល្បី "The Vampire Diaries”។ បើយោងទៅតាមអ្វីដែល Lucy បានបង្ហោះនៅលើ Instagram ពួកគេបានមកកាន់ប្រទេសកម្ពុជា តាមរយៈអង្គការមនុស្សធម៌ក៏ដូចជាទេសចរណ៍ RippleEffect ដោយចំណាយពេលវេលាជាមួយក្មេងកំព្រាជាច្រើនរូប មិនត្រឹមតែប៉ុណ្ណោះថែមទាំងនាំពួកគេទៅលេងសមុទ្រទៀតផង។










