​ស្នងការដ្ឋាន​នគរបាល ​ខេត្តបាត់ដំបង ​ចុះបង្ក្រាប​ទីតាំង​បំរើសេវា​ល្បែង​ហ្គេម​អ៊ី​ន​ធឺ​ណេ​ត​១​កន្លែង ដោយ​ឃាត់ខ្លួន​ម្ចាស់​អាជីវកម្ម​ម្នាក់ និង​ក្មេង​សិស្សសាលា​ចំនួន ២១​នាក់
-

ខេត្តបាត់ដំបង​៖ កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ​បង្ក្រាប នៃ​ស្នងការដ្ឋាន​នគរបាល ​ខេត្តបាត់ដំបង ​បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ ទីតាំង​បំរើសេវា​ល្បែង​ហ្គេម​អ៊ី​ន​ធឺ​ណេ​ត​១​កន្លែង កាលពី​សៀ​ល ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ចំណុច​ក្រុមទី​២៥ ភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ ដោយ​ឃាត់ខ្លួន​ម្ចាស់​អាជីវកម្ម​ម្នាក់ និង​ក្មេង​សិស្សសាលា​ចំនួន ២១​នាក់​។

បើតាមសម្ដី​លោក ឧត្ដមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ​ស្នងការរង​ទទួលបន្ទុក បានអោយដឹងថាក្រោយ​ទទួលបាន​ព័ត៌មាន ពី​ប្រជាពលរដ្ឋ រាយការណ៏​ពី​ករណី​លួចលាក់​បើក​អាជីវកម្មហ្គេម​អ៊ី​ន​ធឺ​ណេ​ត ដែល​កំពុង​ពង្វក់​ក្មេង​សិស្សសាលា ភ្លាមនោះ ឯកឧត្ដម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង បានដាក់​បទបញ្ជា​រយ៉ា​ង​ម៉ឺងម៉ាត់ ក្នុងការ​យកចិត្តទុកដាក់​ទប់ស្កាត់​បង្ក្រាប​អោយបាន​ដើម្បី​ធានា​ការពង្រឹង​លើ​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ពិសេស​លើ​មុខសញ្ញា​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ​តែម្តង​។
លោក​បន្តថា ទីតាំង​ល្បែង​ហ្គេម​អ៊ី​ន​ធឺ​ណេ​ត​ខាងលើ មាន​យីហោ​(SE7EN2) ដែលមាន​ម្ចាស់​គ្រប់គ្រង​អាជីវកម្ម​ឈ្មោះ លី ប៊ុនឡុង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​សង្កាត់​ខាងលើ ត្រូវបាន​ឃាត់ខ្លួន រួម​និង​ក្មេង​សិស្សសាលា​តូចៗ​សរុប​ចំនួន ២១​នាក់​ផងដែរ​ ក្នុងនោះសមត្ថកិច្ច​ជំនាញ​ដកហូត​វត្ថុតាង​បាន រួមមាន​៖ ម៉ាស៊ីន​កុំព្យូទ័រ​ចំនួន​២០​គ្រឿង ម៉ូនីទ័រ​ចំនួន​២០​គ្រឿង ម៉ូតូ​ចំនួន​១០​គ្រឿង​ និង​សម្ភា​រះ​ប្រើប្រាស់​ពាក់ព័ន្ធ​ជាច្រើន​មុខ​ទៀត​។​
ក្រោយ​ធ្វើការ​បង្ក្រាប​អ្នកពាក់ព័ន្ធ​ជា​ម្ចាស់​បើក​អាជីវកម្ម ក្មេង​សិស្សសាលា និង​សម្ភារៈ​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​នាំ​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​អនុវត្ត​បន្ត​ទៅតាម​នីតិវិធី​៕