ម្ចាស់គណនីហ្វេសប៊ុក "ព្រះអាទិត្យបំបែកភ្នំ" ត្រូវបានកងរាជអាវុធហត្ថចាប់យកទៅសួរចម្លើយ ពីបទ...
ភ្នំពេញ៖ បុរសម្នាក់ ដែលមានមុខរបរអ្នកជាថតវីដេអូតាមពិធីមង្គលការ បានប្រើឯកសណ្ឋានអាវុធហត្ថក្លែងក្លាយយកទៅស្លៀកពាក់ បង្ហោះតាមបណ្ដាញសង្គម Facebook រហូតឡាយផ្ទាល់ ដើម្បីទារប្រាក់ពីអ្នកជំពាក់នោះ ត្រូវបានឃាត់ខ្លួន និងបញ្ជូនមកធ្វើការសួរនាំនៅ ទីបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេស។ ហតុការណ៍ឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨។
ជនសង្ស័យរូបនេះ ឈ្មោះ ថា វណ្ណា អាយុ៣៤ឆ្នាំ រស់នៅស្រុកស្អាង ខេត្តកណ្ដាល ដែលមានគណនី Facebook ឈ្មោះ «ព្រះអាទិត្យបំបែកភ្នំ»។ បុគ្គលរូបនេះ បានទៅទិញសម្លៀកបំពាក់អាវុធហត្ថនៅផ្សារទឹកថ្លា ខណ្ឌសែនសុខ ហើយយកមកស្លៀកពាក់បង្ហោះលើ Facebook និងបានយកអាវអាវុធហត្ថ ទៅបំពាក់ពីក្រោយខ្នង ពេលខ្លួនកំពុងឡាយវីដេអូ ដើម្បីទារប្រាក់ពីអ្នកជំពាក់ គោលបំណងឲ្យគេខ្លាច។ ក្រោយទទួលបានព័ត៌មាននេះ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យកម្លាំងជំនាញ បើកការស្រាវជ្រាវដើម្បីឈានទៅដល់ការចាប់ខ្លួនជនម្នាក់នេះ។ នៅទីបំផុតជនសង្ស័យ ក៏ត្រូវបានរកឃើញ ហើយធ្វើការនាំខ្លួនមកសួរចម្លើយ នៅទីបញ្ជាការដ្ឋានអាវុធហត្ថលើផ្ទៃប្រទេស។ ជនសង្ស័យបានសារភាពថា ហេតុតែខ្លួនធ្វើដូច្នេះ ដោយសារតែមានចិត្តចង់តាំងពីតូច ចង់ក្លាយជាមន្ដ្រីអាវុធហត្ថ ប៉ុន្ដែមិនដឹងចូលតាមច្រកណា។ យ៉ាងណាក៏ដោយ បើតាមលោក អេង ហ៊ី ក្រោយបញ្ចប់ការសួរនាំ និងអប់រំរួចមក ជនសង្ស័យត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅវិញ ៕ ប្រភព៖ ហេងលី
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។