សមត្ថកិច្ចក្របួច.ក ចោរប្រុស ចោរស្រី ដែលតែងតែលួចគោគេ យកទៅលក់នៅប្រទេសវៀតណាម...
-

កណ្តាល៖ សត្វគោចំនួន២ក្បាល ដែលម្ចាស់បានយកទៅចងឲ្យស៊ីស្មៅ ត្រូវបានជនសង្ស័យស្រីប្រុស ២នាក់ លួចដឹកដាក់រថយន្ត បំរុងយកទៅលក់នៅវៀតណាម ប៉ុន្តែត្រូវបានអ្នកជិតខាងឃើញទាន់ មានការសង្ស័យ ក៏ទូរស័ព្ទទៅប្រធានភូមិ ជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ រួមនិងគោទាំង២ក្បាលនោះ ត្រឡប់មកវិញ។ ការឃាត់ខ្លួននេះ បានធ្វើឡើង កាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចវាលស្រែខាងជើងភូមិវែង ឃុំម្កាក់ ស្រុកអង្ភស្នួល ខេត្តកណ្តាល ។

សមត្ថកិច្ចស្រុកអង្គស្នួល បានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់គោមានឈ្មោះ អ៊ី អ៊ីច ភេទប្រុស អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែកជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មាន២នាក់ ទី១-ឈ្មោះ ហេង ចាំ ភេទប្រុសអាយុ៣៧ ឆ្នាំជនជាតិខ្មែរ មុខរបរបើកបរនៅភូមិស្លែង ឃុំជ្រៃលាស់ស្រុកពញ្ញាឮ ខេត្តកណ្តាល និងទី២-ឈ្មោះ រ៉េត ណាន ភេទស្រីអាយុ៣៥ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ នៅភូមិស្លែង ឃុំជ្រៃលាស់ ស្រុកពញ្ញាឮ ខេត្តកណ្តាល ។ ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតបាន រថយន្តម៉ាកហ៊ី យាន់ដាយពណ៌ស+បៃតង ពាក់ស្លាកលេខ ភ្នំពេញ 2D-0484 ជារបស់ជនសង្ស័យធ្វើសកម្មភាព និងសត្វគោ ២ក្បាលសម្បុរ សញី១ក្បាល, ឈ្មោល ១ក្បាល ជារបស់ជនរងគ្រោះ និងកាំបិតផ្គាក់០១ ជារបស់ជនសង្ស័យ ។
ប្រភពព័ត៌មានពីសាក្សីឈ្មោះ សន សាន ភេទប្រុស អាយុ៣៩ឆ្នាំ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ ជនរងគ្រោះបានដឹកសត្វគោ របស់ខ្លួន២ក្បាល យកទៅចងឲ្យស៊ីស្មៅ នៅវាលស្រែខាងជើងភូមិកើតហេតុ រួចដើរត្រឡប់ទៅផ្ទះវិញដូចសព្វមួយដង លុះបានបន្តិចក្រោយមក ស្រាប់តែឃើញមានរថយន្តកូរ៉េ១គ្រឿង ដឹកសត្វគោនោះឡើងរថយន្ត ទើបខ្លួនមានការងឿយឆ្ងល់ ក៏ទូរស័ព្ទប្រាប់ ទៅប្រធានភូមិ ហើយទើបនាំគ្នា ជួយស្ទាក់ឃាត់បាន នៅចំណុចភូមិត្រពាំងអណ្តែង ឃុំម្កាក់ស្រុកអង្គស្នួល។
តាមចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ ហេង ចាំ បានសារភាពថា ខ្លួនបានលួចដឹកសត្វគោ២ក្បាលខាងលើ ឡើងលើរថយន្តរបស់ខ្លួន ដើម្បីយកទៅលក់ ហើយក្នុងរយៈពេល១ឆ្នាំនេះ ខ្លួនបានលួចសត្វ៧ដង មកហើយ និងបានយកទៅលក់ នៅប្រទេសវៀតណាម បានចំនួន៦លើក ។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីបន្តនីតិវិធី ៕ ប្រភព៖ ហេងលី