ក្រោយមន្ទីរពេទ្យមួយកន្លែង ធ្វើឲ្យទារកម្នាក់ស្លាប់ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ប្រកាសថ្កោលទោស ចំពោះគ្រូពេទ្យទាំងអស់ ដែលខ្វះក្រមសីលធម៌ដល់អ្នកជំងឺ...
កោះកុង៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាល បានក្រើនរម្លឹកដល់ក្រុមគ្រូពេទ្យមួយចំនួននៅកម្ពុជាថា សូមកុំធ្វើជាគ្រូពេទ្យមាំទាំតែជំនាញមួយមុខ ហើយបែរជាខ្វះក្រមសីលធម៌វិជ្ជាជីវៈទៅលើអ្នកជំងឺឲ្យសោះ ពោលគឺប្រកាន់ភ្ជាប់នៅគុណធម៌ ចំណេះដឹងពិតប្រាកដ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជា។
ការដាក់តឿនក្រើនរម្លឹករបស់លោកសាស្ត្រចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជាយ៉ាងដូច្នេះ ធ្វើឡើងក្នុងសន្និបាតសរុបលទ្ធផលការងារការិយាល័យគណៈគ្រូពេទ្យខេត្តកោះកុង រយៈពេល២ឆ្នាំ លើកទី១ នៃ អាណត្តិ៦ឆ្នាំ កាលពីល្ងាចថ្ងៃទី៧ មិថុនា។ លោកសាស្ត្រចារ្យ សង្កត់ធ្ងន់ថា បើគ្មានសីលធម៌ថ្លៃថ្នូរ និងគ្មានការទទួលខុសត្រូវចំពោះអ្នកជំងឺ ហើយគិតតែផលប្រយោជន៍បុគ្គល វាជារឿងគ្រោះថ្នាក់បំផុតដែលឲ្យបាត់បង់ភាពជឿជាក់ និងរងការរិះគន់ ចំពោះតួនាទីជាគ្រូពេទ្យ។ ក្រៅពីការក្រើនរម្លឹកដល់ក្រុមគ្រូពេទ្យ លោក ធា គ្រុយ ក៏បានស្នើដល់ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចាំបាច់ចាត់ក្រុមគ្រូពេទ្យប្រចាំការមើលថែទាំអ្នកជំងឺឱ្យល្អប្រសើរតាមច្បាប់វិន័យពេទ្យ។ តាមរយៈការស្នើរបស់ក្រសួងសុខាភិបាល លោក ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង លើកឡើងថា បញ្ហាថែទាំព្យាបាលពលរដ្ឋអ្នកជំងឺនៅក្នុងខេត្ត ក្រុមគ្រូពេទ្យជំនាញរបស់លោក បានចាត់ទុកថា ការងារអាទិភាពដ៏សំខាន់បំផុត។ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បន្ថែមថា គណៈក្រុមគ្រូពេទ្យបានពង្រឹងបទបញ្ជាវិន័យក្រមសីលធម៌អប់រំណែនាំដល់គ្រូពេទ្យយ៉ាងត្រឹមត្រូវ ចំពោះការប្រើពាក្យសម្តី និងម៉ោងប្រចាំការ ទៅតាមផ្នែកនីមួយៗ ប្រសិនបើមានអ្នកជំងឺមិនអាការៈមិនស្រួល។ លោក ហៃ ឡៃសុន៖ «ក្រុមគ្រូពេទ្យយើងខ្ញុំ គឺគោរពទៅតាមគោលការណ៍របស់រដ្ឋាភិបាល និងក្រសួងសុខាភិបាលដែលបានចេញ ដោយខិតខំធ្វើយ៉ាងផ្តល់សេវាថែទាំសុខភាពជូនពលរដ្ឋឲ្យបានល្អប្រសើរ ២៤ម៉ោងលើ២៤ម៉ោង។ រៀងរាល់ខែ តែងមានការប្រជុំពិនិត្យវាយតម្លៃពីលទ្ធផលការងាររបស់គ្រូពេទ្យទទួលបន្ទុកទៅផ្នែកនីមួយៗផងដែរ»។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ការអភិវឌ្ឍន៍វិជ្ជាជីវៈផ្នែកវេជ្ជសាស្ត្រសុខាភិបាលកម្ពុជា កំពុងត្រូវតែបានរដ្ឋាភិបាលផ្តោតយកចិត្តទុកយ៉ាងខ្លាំង ដើម្បីលើកកម្ពស់សុខុមាភាពជូនប្រជាពលរដ្ឋទាំងមូល ដែលតម្រូវការថែទាំសុខភាព ថ្មីត្បិតកម្ពុជាទាន់ទំនើបកម្មស្មើនឹងប្រទេសជិតក្តី។ ទោះយ៉ាងនេះក្តី ទាំងរដ្ឋាភិបាល និងក្រុមគ្រូពេទ្យបានខិតខំកំណែទម្រង់ ឱ្យល្អប្រសើរ បញ្ចៀសការរិះគន់ពីសាធារណជន៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។