នៅខេត្តសៀមរាបទៀតហើយ..! រថយន្ត៤គ្រឿងបុកបន្តកន្ទុយគ្នាបណ្តាលឲ្យស្លាប់ និងរបួសទាំងអស់៨នាក់
ខេត្តសៀមរាប ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបណ្ដាលឲ្យមនុស្ស៨នាក់ត្រូវបានរងរបួសធ្ងន់ ក្នុង ចំណោមអ្នកទាំងនោះ មានម្នាក់បានស្លាប់បាត់បង់ជីវិត ព្រោះតែរថយន្ត៤គ្រឿងបុកតកន្ទុយគ្នាយ៉ាងសាហាវ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មានករណីរថយន្តបុកកបន្តកន្ទុយគ្នា ៤គ្រឿងក្នុងនោះមានរថយន្តដឹកជ្រូកមួយគ្រឿងនិងរថយន្តតូច៣គ្រឿងទៀត កាលពីម៉ោងជិត៣រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ លោកវរសេនីយ៍ឯក ជី បេងជន អធិការនគរបាលស្រុកក្រឡាញ់ បានឲ្យដឹងថា រថយន្តទាំង៤គ្រឿងដែលបានបុកបន្តគ្នានេះគឺ រថយន្តទីមួយម៉ាកកាមរីឆ្លាម , ទី២ម៉ាកលុចស៊ីស RX330 ទី៣ ម៉ាកហាយឡែនឌរ័ និងទី៤រថយន្តកូរ៉េដឹកជ្រូក បណ្ដាលឲ្យមនុស្សរបួសធ្ងន់និងស្រាលចំនួន៨នាក់ ហើយត្រូវបានសមត្ថកិច្ចដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកន្លែងផ្សេងៗគ្នា ។ លោកបញ្ជាក់ថា រថយន្តដែលបង្កឲ្យមានគ្រោះថ្នាក់ ចរាចរណ៍នេះ គឺរថយន្តកូរ៉េដឹកជ្រូក ហើយក្នុងចំណោមអ្នករងគ្រោះទាំង៨នាក់នេះ មានជនរងគ្រោះម្នាក់ ភេទប្រុស បានស្លាប់នៅមន្ទីរពេទ្យ ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។