មន្រ្តីអន្តោប្រវេសន៍ នៅប្រទេសថៃ ចាប់ឃាត់ខ្លួនជនជាតិវៀតណាម ចំនួន១៥នាក់ ពីរបទលូកហោប៉ៅ ឬវះកាបូប
ប្រទេសថៃ៖ កាសែតថៃបាងកកប៉ុស្តិ៍ បានផ្សាយកាលពីថ្ងៃសុក្រថា ប៉ូលិសប្រទេសថៃបានចាប់ខ្លួនជនជាតិវៀតណាមចំនួន ១៥នាក់ ដែលជាផ្នែកមួយក្នុងប្រតិបត្តិការលូកហោប៉ៅ ឬវះកាបូប នៅគោលដៅទេសចរណ៍សំខាន់ៗរបស់ប្រទេសនេះ។
យោងតាមសារព័ត៌មានវៀតណាមឈ្មោះ VN Express ចេញផ្សាយកាលពីថ្ងៃទី១៦ ខែមិថុនា បានឲ្យដឹងដោយផ្អែកតាមការផ្សាយរបស់ បាងកកប៉ុស្តិ៍ថា ជនជាតិវៀតណាមជាបុរសមួយចំនួន ធ្លាប់ត្រូវបានចាប់ខ្លួន និងនិរទេសចេញកាលពីលើកមុន ប៉ុន្តែពួកគេបានប្តូរឈ្មោះ ហើយបានប្រើប្រាស់លិខិតឆ្លងដែនក្លែងក្លាយ ដើម្បីត្រឡប់ចូលប្រទេសថៃវិញ។ យោងតាមរបាយការណ៍ប៉ូលីសបានបន្តឱ្យដឹងថា ពួកគេបានបន្តករណីលួចនេះ នៅតាមគោលដៅដែលមានភ្ញៀវទេសចរបរទេស។ របាយការណ៍ដដែលបានបន្តថា ប៉ូលីសបានឡោមព័ទ្ធផ្ទះល្វែងមួយនៅសង្កាត់ Din Daengក្នុងនៅទីក្រុងបាងកក ហើយបានចាប់ខ្លួន ក្រុមចោរទាំងនោះ មួយសប្តាហ៍បន្ទាប់ពីការចាប់ខ្លួនមេខ្លោងពួកវាបាន។ មន្រ្តីអន្តោប្រវេសន៍នៅប្រទេសថៃ កំពុងថតទិន្នន័យជីវមាត្រ (ភិនភាគ) របស់ក្រុមចោរទាំងនោះមុនពេលចាប់ដំណើរការនីតិវិធីនិរទេស ដើម្បីរារាំងពួកគេមិនឱ្យត្រឡប់ទៅកាន់ប្រទេសថៃវិញ និងប្រព្រឹត្តបទឧក្រិដ្ឋដូចគ្នាបែបនេះទៀត។ សូមបញ្ជាក់ថា យោងតាមរបាយការណ៍ថ្មីៗរបស់អាជ្ញាធរទេសចរណ៍ថៃ បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរវៀតណាម ដែលបានចូលមក ប្រទេសថៃ បានកើនឡើង ៦,៤៨ ភាគរយក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០១៨នេះ ដែលធ្វើឱ្យវៀតណាមជាប្រទេសមួយ ស្ថិតក្នុងចំណោម ប្រទេសចំនួន១០ ដែលមានភ្ញៀវទេសចរណ៍ច្រើនជាងគេធ្វើដំណើរចូលមកប្រទេសថៃ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។