ជាប់គុកបានសម្រេច...លួចទូរស័ព្ទគេហើយ ថតផុសរូបយ៉ាងសង្ហារ មានគុកស្រែកហៅបាត់....
-

ខេត្តកណ្ដាល ៖ កាលពីរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ បុរសម្នាក់ត្រូវបាននគរបាលស្រុកពញាឮចាប់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពបបួលមិត្តភក្តិទៅលួចលុយ និងទូរស័ព្ទគេបានហើយយកទូរស័ព្ទ និងអាខោនហ្វេសប៊ុកគេទៅថតរូបខ្លួនឯងបង្ហោះ ម្ចាស់គេដឹងប្ដឹងនគរបាលឲ្យចាប់ខ្លួនតែម្ដង ។

ជនសង្ស័យមានគ្នាពីរនាក់ឃាត់ខ្លួនបានម្នាក់ឈ្មោះ អ៊ិត រីម ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនេសាទ មានទីលំនៅភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល និងម្នាក់ទៀតគេចខ្លួនឈ្មោះ សិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ។
ចំណែកជនរងគ្រោះឈ្មោះ រស់ ផល ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរលក់គ្រឿងសំណង់ មានទីលំនៅភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។ សម្ភារបាត់បង់មាន ទូរសព្ទ័០១គ្រឿងម៉ាក HUAWEI ពណ៌ស (ដកហូតបានវិញ), ប្រាក់រៀលចំនួនជាង១០ម៉ឺនរៀល, ប្រាក់ដុល្លាចំនួន១០០០ដុល្លារ ។
បើតាមសម្តីជនរងគ្រោះបានប្រាប់ថា នៅថ្ងៃ១៨ខែមិថុនាឆ្នាំ២០១៨ វេលាម៉ោង២២និង៣០នាទី ជនរងគ្រោះបានត្រឡប់មកពីហូបការគេវិញពេលមកដល់ផ្ទះ ជនរងគ្រោះបាន ដោះសម្លៀកបំពាក់ទុកលើប៉ាវអុី ដោយមានកូនកាបូបទុកលុយមានចំនួន ដូចខាងលើនៅក្នុងហោប៉ៅខោនោះផងដែរ ។ ចំណែកទូរសព្ទ័ជនរងគ្រោះបានដាក់បញ្ចូលថ្មលើតុមុខទូរទស្សន៍ រួចជនរងគ្រោះក៏ដេកលក់នៅលើគ្រែតែម្តងទៅ។លុះព្រឹកឡើងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៥ព្រឹកជនរង គ្រោះបានភ្ញាក់ពីដំណេក រួចហើយបានយកទូរសព្ទ័នៅកន្លែងបញ្ចូលថ្មស្រាប់តែបាត់មិនឃើញរួចទៅបានទៅស្ទាបហោប៉ៅខោរបស់ខ្លួនរកកូនកាបូបដាក់លុយស្រាប់តែឃើញបាត់លុយមិន ឃើញ សល់តែកូនកាបូបមានលុយចំនួន ៥០០រៀល ក្នុងកាបូប ទុកនៅលើប៉ៅអី។ ជនរងគ្រោះបានបន្តទៀតថា នៅព្រឹកថ្ងៃទី១៩ ខែ ឆ្នាំដដែល ខ្លួនក៏បានទៅយកទូរស័ព្ទដើម្បីបញ្ចូលថ្ម ស្រាប់តែមិនឃើញ ពេលនោះជនរងគ្រោះក៏បានទៅស្ទាបហោប៉ៅខោរបស់ខ្លួនរកកូន ក៏នៅតែមិនឃើញ។​ លុះដល់ពេលថ្ងៃកូនរបស់ជនរងគ្រោះបានបើក ហ្វេសប៊ុក របស់ខ្លួនមើល ស្រាប់តែឃើញ អ៊ិត រីម ដែលជាជនសង្ស័យបង្ហោះរូបខ្លួននៅក្នុងហ្វេសប៊ុក ក៏ទៅដាក់ពាក្យបណ្តឹងតែម្តង។ បច្ចុប្បន្នជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួច លុយនឹងទូរស័ព្ទដៃពិតមែន ពេលនេះសមត្ថកិច្ចបាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅថ្នាក់លើ៕ ដោយ៖ សយ