មន្ត្រីកាំកុងត្រូលតំបន់សេដ្ឋកិច្ច ពិសេសភ្នំពេញ ចុះពិនិត្យទំនិញ និងម្ហូបអាហារ នៅផ្សាររីករាយ និងផ្សារ One and One Mart ដកហូតវត្ថុធាតុដើមផ្សំ ធ្វើទឹកជ្រលក់ ហួសកាលបរិច្ឆេទចំនួន ៤.២៥០គីឡូក្រាម និងរកឃើញមានសារធាតុគីមី (បូរ៉ាក់)
-

ភ្នំពេញៈ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ ម្សិលមិញនេះ មន្ត្រីកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានសហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានី និងគណៈកម្មការផ្សារ ចុះពិនិត្យទំនិញ និងម្ហូបអាហារ នៅផ្សាររីករាយ និងផ្សារ One and One Mart ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដកហូតវត្ថុធាតុដើមផ្សំធ្វើទឹកជ្រលក់ហួសកាលបរិច្ឆេទចំនួន ៤.២៥០គីឡូក្រាម។

បើតាមមន្ត្រីកាំកុងត្រូលបានឲ្យដឹងថា ក្នុងប្រតិបត្តិការចុះពិនិត្យផ្សារទាំង២ខាងលើ មន្ត្រីជំនាញបានយកម្ហូបអាហារ និងផលិតផល២៩គំរូ ទៅវិភាគ ជាលទ្ធផលគឺមានអនុលោមភាព សុវត្ថិភាពចំនួន២៣គំរូ។ ដោយឡែកចំពោះបង្អែមលតខៀវ និងបង្អែមនំបាញ់ឌុក ក្រោយពិនិត្យរួចរកឃើញមានសារធាតុគីមី បូរ៉ាក់ចំនួន១៦.៤គីឡូក្រាម និងបានដកហូតវត្ថុធាតុដើមផ្សំធ្វើទឹកជ្រលក់ដែលហួសកាលបរិច្ឆេទចំនួន៥ដប ស្មើនឹង ៤.២៥០គីឡូក្រាម។ ក្រោយដកហូតមន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុយកមករក្សាទុកបណ្តោះអាសន្ន ដើម្បីរៀបចំនីតិវិធីកម្ទេចចោល៕
ប្រភពៈ ANN