បក្ខពួកក្រុមចោរប្លន់៦នាក់ ត្រូវបាននគរបាលខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានសហការគ្នាធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនក្រុមចោរប្លន់ ជាបន្តបន្ទាប់សរុបចំនួន០៦នាក់ បន្ទាប់ពីធ្វើសកម្មភាពយកដុំថ្មវាយប្លន់យកម៉ូតូ ១គ្រឿង ម៉ាកសេ១២៥ កាលពីម៉ោង០៣និង១៥នាទីទាបភ្លឺ ថ្ងៃពុធ ០៨កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះសំណាក់យីហោ៣៤២ ផ្លូវ២៧១ ក្រុមទី០៥ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកណេង សាមឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ បានប្រាប់ឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនបានចំនួន ០៦នាក់ មានឈ្មោះដូចខាងជា ១-ឈ្មោះ ឃុត ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិ អូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរកម្មករសំណង់ ។ ២-ឈ្មោះ គង់ ម៉េង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ១០៧ ផ្លូវលំ ភូមិ អូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរជាងឡាន ។ ៣-ឈ្មោះ បាន ធៀនហ្វូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។ ៤-ឈ្មោះ លី ឌីណា ហៅហួរ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៤២ ផ្លូវលំ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។ ៥-ឈ្មោះ ហាក់ ភារម្យ ហៅ ថាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៦២៤ ផ្លូវលំ ភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ ។ ៦-ឈ្មោះ យឹម វាសនា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ លំ ភូមិអូរអណ្តូងសង្កាត់ ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបររត់តុការ។ ចំណែកឯជនរងគ្រោះឈ្មោះ នូ សុវណ្ណារិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ0R6 ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរយោធា ។ វត្ថុតាងចាប់យកបានមានម៉ូតូចំនួន ០៤គ្រឿងរួមមាន ម៉ូតូម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GV 9242 (ជារបស់ជនរងគ្រោះ) ,ម៉ាកលេត ពណ៍សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1GT-8765 ម៉ាកប៊ីត ពណ៍ផ្កាឈូកលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GB 1717 និងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១១ ពាក់ស្លាកលេខសៀមរាប 1J-9264 និងដុំឥដ្ឋការ៉ូឡាចំនួន០១ដុំ (ជាមធ្យោបាយជនសង្ស័យធ្វើសកម្មភាព) ។ លោកណេង សាមឿន នាយប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ បានប្រាប់ពីដំណើររឿងឲ្យដឹងថា កាលពីវេលាម៉ោង០៣:១៥នាទីទាបភ្លឺ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ ជនរងគ្រោះឈ្មោះ នូ សុវណ្ណារិទ្ធ និងឈ្មោះ ចាន់ សេរីរ័ត្ន ព្រមទាំងមិត្តភក្កិ ០៤នាក់ទៀត (មិនចាំឈ្មោះ) បានជិះម៉ូតូចំនួន០៣គ្រឿង ចេញពីក្លឹបកំសាន្តផ្លេក្លឹប (Club Play) នៅផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រឡប់មកផ្ទះវិញ ដោយជនរងគ្រោះឈ្មោះ នូ សុវណ្ណារិទ្ធ ជិះម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៍ខ្មៅ ស៊េរី២០១៨ ពាក់ស្លាកលេខភ្នំពេញ 1GV-9242 ឌុបមិត្តភក្កិម្នាក់ទៀត មិនចាំឈ្មោះ ពេលមកដល់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែមានជនសង្ស័យចំនួន ១០ នាក់ ៖ ឈ្មោះ ឃុត ភារម្យ ,ឈ្មោះ គង់ ម៉េង ,ឈ្មោះ បាន ធៀនហ្វូ ,ឈ្មោះ លី ឌីណា ហៅ ហួរ ,ឈ្មោះ ហាក់ ភារម្យ ហៅ ថាក់ ,ឈ្មោះ ឆាង ,ឈ្មោះ ផល្លា ហៅ ឡា និងបក្សពួក០៣នាក់ទៀតមិនទាល់ស្គាល់ឈ្មោះ ជិះម៉ូតូចំនួន ០៦ គ្រឿង (ម៉ាកសេ១២៥ ពណ៍ខ្មៅ ចំនួន០៣ គ្រឿង ,ម៉ាកប៊ីត ពណ៍ផ្កាឈូកលាយខ្មៅ ចំនួន ០២ គ្រឿង និង ម៉ាក Let's ពណ៍ខៀវ ចំនួន ០១គ្រឿង) បានធ្វើសកម្មភាពដេញវាយភាគីជនរងគ្រោះឈ្មោះ នូ សុវណ្ណារិទ្ធ រហូតមកដល់ចំណុចមុខផ្ទះសំណាក់យីហោ៣៤២ ផ្លូវលេខ២៧១ ក្រុមទី០៥ ភូមិ៥ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ក្រុមជនសង្ស័យបានយកដុំថ្មវាយទៅលើជនរងគ្រោះឈ្មោះ នូ សុវណ្ណារិទ្ធ បណ្តាលឲ្យរបួសបែកលើចិញ្ចើមខាងឆ្វេង ដួលម៉ូតូទៅលើផ្លូវ ភ្លាមនោះជនសង្ស័យឈ្មោះ ផល្លា ហៅ ឡា បានមកលើកយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ ទន្ទឹមនោះកម្លាំងល្បាតនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹក នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ដេញចាប់ជនសង្ស័យ ចំនួន០២នាក់ឈ្មោះ ឃុត ភារម្យ និង ឈ្មោះ គង់ ម៉េង នៅចំណុចមុខមជ្ឈមណ្ឌលកំសាន្ត Rock ខណ្ឌចំការមន ព្រមទាំងបានដកហូតម៉ូតូ០១គ្រឿងម៉ាក Suzuki Let's ពណ៍សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1GT-8765 យកមកធ្វើការសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ។ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការរងខណ្ឌមានជ័យ ទទួលបន្ទុកយុត្តិធម៌ បានប្រាប់អោយដឹងថា ក្រោយពីកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ២ ឃាត់ខ្លួនបានបក្ខពួកយកមកសាកសួរនៅប៉ុស្តិ៍ហើយ ទើបនៅវេលាម៉ោង០៩:០០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលខណ្ឌមានជ័យ បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានសហការគ្នាចុះធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់បន្ថែមទៀត មានដូចជាឈ្មោះ លី ឌីណា ហៅ ហួរ ,ឈ្មោះ ហាក់ ភារម្យ ហៅ ថាក់ ,ឈ្មោះ បាន ធៀនហ្វូ និងឈ្មោះ យឹម វាសនា ដែលកំពុងជិះម៉ូតូនៅចំណុចផ្លូវលំ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដោយបានដកហូតម៉ូតូចំនួន០២គ្រឿង ម៉ាកប៊ីត ពណ៍ផ្កាឈូកលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GB-1717 និងម៉ាកសេ១២៥ ពណ៍ខ្មៅ សេរី២០១១ ពាក់ស្លាកលេខសៀមរាប 1J-9264 ខណៈនោះសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង០៤នាក់ឈ្មោះ លី ឌីណា ហៅ ហួរ ,ឈ្មោះ ហាក់ ភារម្យ ហៅ ថាក់ ,ឈ្មោះ បាន ធៀនហ្វូ និងឈ្មោះ យឹម វាសនា យកទៅចង្អុលបង្ហាញផ្ទះរបស់ជនសង្ស័យឈ្មោះ ផល្លា ហៅ ឡា នៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ហើយបានដកហូតម៉ូតូម៉ាកសេ១២៥ ពណ៍ខ្មៅ របស់ជនរងគ្រោះឈ្មោះ នូ សុវណ្ណារិទ។ ឈ្មោះ ស្វាយ លាភ (ត្រូវជាម្តាយរបស់ជនសង្ស័យឈ្មោះ ផល្លា ហៅ ឡា ដែលជិះយកមកលាក់ទុកក្នុងផ្ទះ) រួចក៏បានបញ្ជូនជនសង្ស័យទាំង០៤នាក់ ឈ្មោះ លី ឌីណា ហៅ ហួរ , ឈ្មោះ ហាក់ ភារម្យ ហៅ ថាក់ ,ឈ្មោះ បាន ធៀនហ្វូ និង ឈ្មោះ យឹម វាសនា មកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ចំណែកជនសង្ស័យឈ្មោះ ផល្លា ហៅ ឡា,ឈ្មោះ ឆាង និង បក្សពួក០៣នាក់ទៀតមិនស្គាល់ឈ្មោះ បានរត់គេចខ្លួនបាត់ ។ បច្ចុប្បន្នជនសង្ស័យទាំង០៦នាក់ខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕ ដោយ៖ ភារ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។