លោកអភិបាលខណ្ឌដង្កោ នៅតែបន្តការកសាងផ្លូវបេតុងជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកស្រីអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែង ៥០០ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង។
ឯកឧត្តមអភិបាល បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរពីការលំបាក បញ្ហា និងតម្រូវការនានារបស់បងប្អូននៅមូលដ្ឋាន។ ឯកឧត្តមក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់បញ្ហាលំបាកនានា ឲ្យក្លាយជាប្រទេសមានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធារ ក្រោមដំបូលសន្តិភាព។ ផ្លូវបេតុងថ្មី០១ខ្សែនេះ ជាផ្លូវស្ថិតក្នុងផ្លូវគម្រោងថវិការបស់រដ្ឋបាលខណ្ឌ ឆ្នាំ២០១៨ មានប្រវែង ៥០០ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិត្រពាំងចក សង្កាត់ព្រៃវែង ដែលផ្លូវបេតុងថ្មី ០១ខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមានសោភណ្ឌភាពក្នុងការរស់នៅ។ បងប្អូនប្រជាពលរដ្ឋ បានធ្វើការថ្លែងអំណរគុណដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលតែងគិតគូរដល់ការលំបាករបស់ពួកគាត់ និងបានប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិបន្តបន្ទាប់ទៀត ដើម្បីសម្តេចបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅកាន់ភាពរីកចម្រើនសម្បូរសប្បាយ តទៅមុខទៀត៕ ដោយ៖ ភារ៉ា
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។