ចូលប្រយ័ត្ន! មូលហេតុ២ នេះហើយទើបបណ្ដាលឲ្យតៃកុងឡានតាក់ស៊ីបើកទៅបុករថយន្តសម្ដេចក្រុមព្រះ...
នៅវេលាព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៨នេះអគ្គស្នងការនគរបាលជាតិបានធ្វើសន្និសីទសារព័ត៌មានអំពីករណីគ្រោះថ្នាក់ចរាចរណ៍របស់សម្ដេចក្រុមព្រះនរោត្ដមរណឬទ្ធិ។
នាយឧត្ដមសេនីយ៍ហ៊ឹមយ៉ានអគ្គស្នងការរងនគរបាលជាតិបានរៀបរាប់មូលហេតុបណ្ដាលឲ្យកើតមានឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះថារថយន្តបង្កម៉ាកហាយឡេនឌ័រពណ៌សពាក់ស្លាកលេខ2-9667ជារថយន្តឈ្នួលដឹកជញ្ជូនអ្នកដំណើរពីខេត្តព្រះសីហនុមកភ្នំពេញបើកបរដោយឈ្មោះម៉ិលសារ៉េតអាយុ៣៤ឆ្នាំមានស្រុកកំណើតនៅខេត្តព្រះសីហនុហើយបានដឹកអ្នកដំណើរចំនួន៦នាក់។ លោកឧត្ដមសេនីយ៍រៀបរាប់បន្តថាការផ្ទុកអ្នកដំណើរចំនួន៦នាក់នេះគឺជាការផ្ទុកលើសចំនួនកំណត់ហើយការផ្ទុកចំនួនលើសកំណត់នេះក៏ជាមូលហេតុចម្បងមួយបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ក្នុងការធ្វើដំណើរនោះអ្នកបើកបរឈ្មោះម៉ិលសារ៉េតបានបើកបរក្នុងល្បឿនយ៉ាងលឿនហើយមកដល់កន្លែងកើតហេតុអ្នករត់តាក់ស៊ីនោះបានជែងជាមួយរថយន្តLexusRX300មួយគ្រឿងដែលធ្វើដំណើរស្របទិសគ្នាក្នុងឱកាសវ៉ាជែងនោះក្បួនព្រះទីនាំងរបស់សម្ដេចក្រុមព្រះបានក៏មកដល់ទីនោះដែរធ្វើឲ្យឈ្មោះម៉ិលសារ៉េតកាន់តែបន្ថែមល្បឿនលឿនហើយគេចចូលទៅខាងស្ដាំដៃហើយក៏គេចមកឆ្វេងដៃវិញហើយទៅបុកជាមួយរថយន្តសម្ដេចក្រុមព្រះដែលកំពុងតែធ្វើដំណើរទល់មុខគ្នាយ៉ាងពេញទំហឹង។ ឧត្ដមសេនីយ៍ហ៊ឹមយ៉ានបន្ថែមទៀតថាចំណុចនេះស្ដែងឲ្យឃើញថាមានបញ្ហា២ដែលបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍៖ ទី១ការបើកបរលើសល្បឿនកំណត់ ទី២គឺការដឹកអ្នកដំណើរលើសចំនួនកំណត់ដែលធ្វើឲ្យការបញ្ជាលើការបើកបរមានការលំបាក។ក្នុងនោះគឺលំបាកក្នុងការកាច់ចង្កូតនិងលំបាកក្នុងការជាន់ហ្វ្រាំងហើយក៏បានបុកយ៉ាងពេញទំហឹងបែបនេះតែម្ដង។ តាមការណ៍ស៊ើបអង្កេតអគ្គស្នងការរងនគរបាលជាតិសន្មតថាករណីនេះគឺជាឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយឈ្មោះម៉ិលសារ៉េតហើយត្រូវបានស្នងការនគរបាលឃាត់ខ្លួននិងសាកសួរចម្លើយហើយជនបង្កក៏បានឆ្លើយសារភាពដូចអ្វីដែលសមត្ថកិច្ចបានស៊ើបអង្កេត។លោកថាផ្អែកតាមការស៊ើបអង្កេតសមត្ថកិច្ចបានវាយតម្លៃថាករណីនេះគឺជាឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយឈ្មោះម៉ិលសារ៉េតបើកបរធ្វេសប្រហែសមិនប្រុងប្រយ័ត្នបណ្ដាលឲ្យមានអ្នកស្លាប់និងរបួស។បច្ចុប្បន្នជនបង្កត្រូវបានចៅក្រមសាលាដំបូងខេត្តព្រះសីហនុចេញដីកាឃុំខ្លួនជាបណ្ដោះអាសន្នហើយត្រូវរង់ចាំការស៊ើបអង្កេតជាបន្តទៀតដើម្បីផ្ដន្ទាទោសតាមច្បាប់។ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានថាតើការបុកនោះជាចេតនារបស់តៃកុងរថយន្តនោះឬយ៉ាងណា?លោកនាយឧត្ដមសេនីយ៍ហ៊ឹមយ៉ានអគ្គស្នងការរងនគរបាលជាតិបានបំភ្លឺថាតាមការស៊ើបអង្កេតគឺពិតជាឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ពិតមែនដោយសារម្ចាស់រថយន្តបង្កគ្រោះថ្នាក់នោះជារត់តាក់ស៊ីហើយបើកបរក្នុងល្បឿនលឿនព្រោះចង់ចំណេញចង់បានម៉ូយច្រើនទើបបណ្ដាលឲ្យជ្រុលទៅបុករថយន្តរបស់សម្ដេចក្រុមព្រះតែម្ដង។ គួរឲ្យដឹងដែរថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រ២០០-២០១នៅចំណុចភូមិអូរតាសេកឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ខេត្តព្រះសីហនុនាវេលាម៉ោងជាង៩ព្រឹកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៨ក្នុងពេលដែលសម្ដេចក្រុមព្រះយាងចុះសួរសុខទុក្ខប្រជាជនដែលជាសមាជិកសមាជិកាគណបក្សហ្វ៊ុនស៊ិនប៉ិច។ក្នុងហេតុការណ៍នោះបណ្ដាលឲ្យអ្នកម្នាងអ៊ុកផល្លាបាត់បង់ជីវិតហើយទើបតែបូជាកាលពីថ្ងៃទី២០ខែមិថុនាឆ្នាំ២០១៨នេះ។ចំណែកឯសម្ដេចក្រុមព្រះកំពុងព្យាបាលព្រះកាយនៅឯមន្ទីរពេទ្យ៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។