មិត្តសីុមិត្ត!!! រដូវកាលWorld Cup ខ្ចីម៉ូតូពីមិត្តភក្តិជិះទៅយកលុយ បែរជាយកទៅបញ្ចាំ យកលុយទៅចាក់បាល់ទៅវិញ
ភ្នំពេញៈ កាលពីវេលាម៉ោង១១ៈ៣០នាទីយប់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចហាងផឹកស៊ីមួយកន្លែងនៅម្តុំនិងសណ្ឋាគារប្រ៊េស័ដង់ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក ជនសង្ស័យឆោកបោកម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបន្ទាប់ពីផឹកស៊ីជាមួយមិត្តភក្តិ ហើយបានខ្ចីម៉ូតូរបស់មិត្តភក្តិថាទៅយកលុយទៅផ្ទះ តែបែរជាយកម៉ូតូទៅបញ្ចាំយកទៅចាក់បាល់អស់ ដោយឡែកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី២ ហាក់ដូចជាមានការលាក់បាំងចំពោះជនសង្ស័យ សូម្បីតែស្នាក់ការប៉ុស្តិ៍ក៏មិនឲ្យអ្នកសារព័ត៌មានថតដែរ។
បើតាមសម្តីពីជនរងគ្រោះមានឈ្មោះ ខេម សំរឹទ្ធិតារា អាយុ៣៣ឆ្នាំ បានឲ្យដឹងថារូបគាត់និងជនសង្ស័យបានស្គាល់គ្នាបានរយ:ពេលពីរឆ្នាំមកហើយ គឺស្គាល់តាមរយ:ការលេងបាល់ទាត់។ ហើយនៅថ្ងៃកើតហេតុកាលពីវេលាម៉ោងប្រមាណ៨យប់ ជនសង្ស័យខាងលើបានទូរសព្ទហៅរូបគាត់ឲ្យទៅផឹកស៊ីជុំគ្នានៅហាងកើតហេតុខាងលើ ខណ:ពេលទៅដល់គាត់និងជនសង្ស័យក៏បាននាំគ្នាផឹកស៊ីយ៉ាងសប្បាយរីករាយ ។ ហើយមួយស្ទុះក្រោយមកជនសង្ស័យខាងលើក៏បានខ្ចីម៉ូតូមួយគ្រឿងម៉ាក ហុងដាឃ្លីក ស៊េរី០៥ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FC-5745 ដែលជាម៉ូតូរបស់ជនរងគ្រោះ ដោយបានប្រាប់ជនរងគ្រោះថាខ្ចីម៉ូតូជិះទៅយកលុយនៅផ្ទះមួយភ្លែត ហើយជនរងគ្រោះមិនបានគិតអ្វីច្រើននោះទេ ព្រោះគិតថាស្គាល់គ្នាយូរមកហើយ ហើយក៏ព្រមឲ្យម៉ូតូរបស់ខ្លួនទៅជនសង្ស័យជិះចេញទៅបាត់ទៅ។ រហូតដល់វេលាកើតហេតុដោយចាំយូពេកមិនឃើញជនសង្ស័យជិះម៉ូតូរបស់ខ្លួនត្រឡប់មកវិញ ជនរងគ្រោះក៏បានទូរស័ព្ទទៅជនសង្ស័យបន្ទាប់មកជនសង្ស័យក៏បានត្រឡប់មកហាងកើតហេតុខាងលើ តែមិនមានម៉ូតូរបស់ជនរងគ្រោះមកជាមួយនោះទេ។ រួចមកជនសង្ស័យក៏ប្រាប់ទៅជនរងគ្រោះថា បងខ្ញុំសុំទោសផងខ្ញុំបានយកម៉ូតូរបស់បងឯងទៅបញ្ចាំយកលុយទៅចាក់បាល់អស់ហើយ តែជនសង្ស័យមិនបានបញ្ចក់ពីកន្លែងបញ្ចាំនោះទេតែគ្រាន់តែប្រាប់ថាម៉ូតូខាងលើគឺរូបគេបានបញ្ចាំក្នុងតម្លៃ៦២០ដុល្លារដោយពុំចាំបាច់មានឯកសារដែលពាក់ព័ន្ធនិងម៉ូតូនោះទេ។ ក្រោយមកជនរងគ្រោះបាននាំជនសង្ស័យដែលជាមិត្តភក្តិទៅកាន់ ប៉ុស្តិ៍នគរបាល រដ្ឋបាលផ្សារដេប៉ូទី២ ដើម្បីឲ្យ សមត្ថកិច្ចជួយធ្វើការដោះស្រាយ។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។