អន់ចរឹកមែន!!! កម្លាំងនគរបាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ នៅក្រសួងមហាផ្ទៃ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ទូដែក លួចលុយ លួចប្លង់ដី លួចរថយន្ត និងបានគំរាមកំហែង ថៅកែចិនរបស់ខ្លួន
-

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះ លោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន កំពុងតែសាកសួរ ជនសង្ស័យ ឈ្មោះ គឹម រិទ្ធធា នៅក្រសួងមហាផ្ទៃ ។ បុរសខ្មែរ ជាបុគ្គលិកក្រុមហ៊ុនចិនម្នាក់ ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌ កម្រិតធ្ងន់ ចាប់បញ្ជូនខ្លួន ទៅអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីគាស់ទូដែក លួចលុយ លួចប្លង់ដី លួចរថយន្ត និងបានគំរាមកំហែង ថៅកែរបស់ខ្លួន។

បើតាមប្រភពពី សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ត្រូវបានកម្លាំងនគរបាល នៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ តាមពាក្យបណ្តឹង របស់ជនរងគ្រោះជនជាតិចិនឈ្មោះ LI FEILONG ជាថៅកែ របស់ជនសង្ស័យ។ ជនសង្ស័យមានឈ្មោះ គឹម រិទ្ធធា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅ ឃុំឬស្សី ស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
យោងតាមប្រភព ជនសង្ស័យឈ្មោះ គឹម រិទ្ធធា ត្រូវបាន ដើមបណ្តឹង ជនរងគ្រោះ ហៅទៅធ្វើការជាមួយ ដោយឲ្យប្រាក់ខែ ១០០០ដុល្លារក្នុងមួយខែ។ ក្រោយមកដោយទុកចិត្តជនសង្ស័យ ទើបជនរងគ្រោះ បានប្រគល់ការងារកាន់លុយកាក់ និងការសម្រេចចិត្តមួយចំនួនឲ្យជនសង្ស័យ ជាអ្នកសម្រេច។ ទើបជនសង្ស័យ មានឱកាស លួចលុយ ក្រុមហ៊ុន យកទៅទិញផ្ទះ នៅខេត្តសៀមរាប និងលួចយកប្លង់ដី របស់ជនរងគ្រោះចំនួន ៨ប្លង់ទៀត។ នៅអំឡុងពេលជនរងគ្រោះ រវល់ការងារនៅប្រទេសចិន ជនសង្ស័យបាន លួចរថយន្តរបស់ក្រុមហ៊ុន ចំនួន ៤គ្រឿង ទៅលក់ និងបានគំរាម ជនរងគ្រោះកុំឲ្យប្តឹង រូបគេ បានគេប្រគល់លុយលក់រថយន្តនោះ ឲ្យវិញ។