ចិនប្លន់ខ្មែរ...ជនសង្ស័យជនជាតិចិនចំនួន៤នាក់ ជិះរថយន្ត Rolls Royce ប្រដាប់ដោយកាំភ្លើង ប្លន់ខ្មែរយ៉ាងសាហាវ....
-

ព្រះសីហនុ៖ កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​២២និង០០​នាទី ការិយាល័យ​ជំនាញ បានទទួល​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ឈ្មោះ គង់ ទី​ប៉ោ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​រត់​រថយន្ត​ឈ្នួល មាន​ទីលំនៅ​សង្កាត់​ដង្កោ រាជធានី​ភ្នំពេញ ពីបទ​ប្លន់​ប្រដាប់អាវុធ​(​ដោយ​អាវុធ​ខ្លីម៉ាក​រ៉ូឡូ​) នៅវេលា​ម៉ោង​២០​និង​៤០​នាទី នៅ​ភូមិ​១ សង្កាត់​៣ ក្រុង​/​ខេត្ត​ព្រះសីហនុ ជនសង្ស័យ​មាន​គ្នា​៤​នាក់ ជនជាតិ​ចិន (​ដោយ​ប្រើ​វិធី វី​ឆាត ” Wechat ” ហៅ​ជនរងគ្រោះ​មក​យក​លិខិតឆ្លងដែន​ទៅ​បន្ត​ទិដ្ឋាកា ” ) ។​

​សម្ភារៈ​ដែល​បាន​បាត់បង់​ក្នុងករណី​ប្លន់​ប្រដាប់អាវុធ​ខាងលើ​រួមមាន -​លុយ​ចំនួន​៥០០​ដុល្លារ -​ប​ណ្ណ័​បើកបរ​១​សន្លឹក -​ប​ណ្ណ័​សំគាល់​រថយន្ត​១​សន្លឹក -​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក ។
​ក្រោយពេល​ទទួលបាន​ពាក្យបណ្តឹង​រួច ក្រោម​ការបញ្ជា​ចង្អុល​ដឹកនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត និង​មានការ​សម្របសម្រួល​និតិ​វិធី​ដោយ​លោក គៀង​សុ​ន្ធា​រោ ព្រះ​រា​ជ្ញា​រង​អម​សាលាដំបូង​ខេត្ត ។ កម្លាំង​ជំនាញ​ផែ​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ក្រុង ប៉ុស្តិ៍ និង​កង​អន្តរាគមន៍​ពិសេស ធ្វើការ​ស្រាវជ្រាវ រហូតដល់​ម៉ោង​២៣:០០​នាទី កម្លាំង​ជំនាញ កំណត់​មុខសញ្ញា​បាន​ម្នាក់​ដែល​កំពុង​ផឹកស៊ី​នៅ​ក្លឹប​កំសាន្ត CASA ស្ថិត​ក្នុងភូមិ​៤ សង្កាត់​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ​។
​កម្លាំង​ជំនាញ​បានធ្វើការ​ហ៊ុំ​ព​ទ័​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ Ly Ker Xing ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បើកបរ​រថ​យន្តកា​ស៊ី​ណូ កាន់​លិខិតឆ្លងដែន​លេខ E88340722 ចុះ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៦ ផុតកំណត់​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២៦ ទិដ្ឋាការ​លេខ E1-01359781 ចុះ​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ ផុតកំណត់​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩ ។​
​វត្ថុតាង​ចាប់យក​បាន​៖ – លុយ​ដុល្លា ៥០០​ដុល្លារ (​របស់​ជនរងគ្រោះ​) – អាវុធខ្លី ១​ដើម ម៉ាក​រ៉ូឡូ លេខ​38.SWPL (​គ្រាប់ ៣​គ្រាប់​) ផលិត​នៅ USA (​អាវុធ​ធ្វើ​សកម្មភាព​) – រថយន្ត​ម៉ាក Rolls Royce ពណ៌​ស្លែ ពាក្យ​ស្លាក​លេខ​ភ្នំពេញ 2BP-៦៦៦៦ (​មធ្យោបាយ​ធ្វើ​សកម្មភាព​)​។ ចំណែក​ជនសង្ស័យ ៣​នាក់​ទៀត​ជា​ជនជាតិ​ចិន កម្លាំង​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​។​
​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ កំពុង​បំពេញ​នីតិវិធី ៕
ប្រភព៖ Prak Vanda