សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធ សួនសត្វ ភ្នំពេញសាហ្វារី ដែលជាសួនសត្វដ៏ធំដំបូងគេក្នុង រាជធានីភ្នំពេញ
-

ភ្នំពេញៈ នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញសម្ពោធ សួនសត្វភ្នំពេញសាហ្វារី ដែលជាសួនសត្វដ៏ធំដំបូងគេក្នុងរាជធានីភ្នំពេញ។

សួនសត្វភ្នំពេញសាហ្វារី គឺជា​ព្រៃកម្សាន្ដ​ ភ្នំពេញ​ទី១ ដ៏ធំជាងគេបង្អស់​​នៅក្នុង ប្រទេសកម្ពុជា វិនិយោគសាងសង់ដោយអ្នក​ឧកញ៉ា លី យ៉ុង​ផាត់ ប្រធាន​​ក្រុមប្រឹក្សា​ភិបាល និង​ជា​​អគ្គនាយក​​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ​ស្ថិត​​នៅ​ក្នុង​​តំបន់​អភិវឌ្ឍន៍​​ ទីក្រុង​រណប​ថ្មី របស់​អ្នក​​ឧកញ៉ា លី យ៉ុង ផាត់ ក្នុង​សង្កាត់​​ព្រែក​​តាសេក ខណ្ឌ​​ជ្រោយចង្វារ ប្រមាណ ១៨​គីឡូ​ម៉ែត្រ​​ពី​រាជ​ធានី​​ភ្នំពេញ។ សួនសត្វនេះ វិនិយោគអស់ទឹកប្រាក់ជាង ១០លានដុល្លារអាមេរិក។ សួន​សត្វ​ដ៏​ធំ​ជាង​គេ​មួយ​នេះ សាងសង់​នៅលើផ្ទៃដី​ជាង ៦០ហិតា​ក្នុងជំហានទី១ ដែលហ៊ុមព័ទ្ធ​​ទៅ​ដោយ​​រចនា​បថ​​ ដ៏​សម្បូរ​​បែបលំនាំ​តាម សម័យ​អង្គរ ​ទាំង​ក្នុង ​និងក្រៅ អម​ជាមួយ​​ព្រៃឈើ​​រាប់​សិប​​ហិកតា ​ជា​តំបន់​​ទេសចរណ៍​​ដ៏​​សំខាន់​​​សម្រាប់​​សម្រាក​លំហែកាយ។