ក្នុងរដូវកាល World Cup នេះចោរច្រើនណាស់ មិនព្រមចាប់អោយអស់ទេ បែរជាលោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរ ដោះលែងចោរទៅវិញ
-

រាជធានីភ្នំពេញ៖ យោងតាមប្រភព ពីសមត្ថកិច្ច បានឲ្យដឹងថា ចោរឆក់ខ្សែកម្នាក់ដែល នគរបាលព្រហ្មទណ្ឌខណ្ឌចំការមន ចាប់ខ្លួន បញ្ជូនទៅ សាលាដំបូងក្រុងភ្នំពេញ ដើម្បីចាត់ការតាមច្បាប់នោះ ត្រូវបាន លោក អ៊ឹម វណ្ណៈ ជាចៅក្រមស៊ើបសួរ សម្រេច ដោះលែង ឲ្យមានសេរីភាព វិញហើយ ខណៈដែលបទល្មើស ឆក់ប្លន់កើនឡើង នៅរាជធានីភ្នំពេញ ក្នុងរដូវកាល World Cup។ សមត្ថកិច្ច បានឲ្យដឹងថា ការសម្រេចដោះលែង ជនត្រូវចោទ ឈ្មោះ គុន គីមជី ភេទប្រុស នេះ ត្រូវបានលោកចៅក្រម អ៊ឹម វណ្ណៈ ធ្វើឡើងកាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។

ប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបង្ហើបថា កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ម្សិលមិញ សមត្ថកិច្ច ខណ្ឌចំការមន បាននាំខ្លួនជនត្រូវចោទ ឈ្មោះ គុន គីមជី ទៅឃុំខ្លួននៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីរងចាំ បន្តនីតិវិធី នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨នេះទៀត ប៉ុន្តែលោកចៅក្រម អ៊ឹម វណ្ណៈ បានបញ្ជាឲ្យសមត្ថកិច្ច ដឹកជនសង្ស័យ មកតុលាការវិញទាំងយប់ ដើម្បីដោះលែង។ ពាក់ព័ន្ធករណីនេះ លោកព្រះរាជអាជ្ញារង គង់ សំសារ៉េត ជាតំណាងអយ្យកាន់សំណុំរឿង បានបញ្ជាក់តាម ទូរស័ព្ទថា លោក បានបើកការស៊ើបសួរ និងសម្រេចចោទប្រកាន់លើឈ្មោះ គុន គីមជី ភេទប្រុស ពីបទ លួច (ឆក់ខ្សែក) ប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ៣៣៣ ផ្លូវ៤៨៤ កែងនឹងផ្លូវ១០១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ យោងតាមមាត្រា ៣៥៣ និងមាត្រា ៣៥៦ នៃក្រមព្រហ្មទណ្ឌ។
លោក គង់ សំសារ៉េត ថាលោកបានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរ និងបានស្នើសុំឲ្យចៅក្រម ឃុំខ្លួនជនត្រូវចោទ ជាបណ្តោះអាសន្ន ប៉ុន្តែ លោកចៅក្រម អ៊ឹម វណ្ណៈ បានសម្រេចដោះលែងជនត្រូវចោទ ដោយដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ទៅវិញ លោកក៏មិនដឹងដែរ ព្រោះនេះជា ឆន្ទានុសិទ្ធិរបស់ចៅក្រម ស៊ើបសួរ។ ចំពោះ ករណីដោះលែងជនត្រូវចោទជាចោរឆក់ខ្សែ ខាងលើនេះ យើងនៅមិនទាន់អាចសុំការបញ្ជាក់ពី លោកចៅក្រម អ៊ឹម វណ្ណៈ បាននៅឡើយទេ នៅថ្ងៃនេះ។ ចំណែកមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីមួយនេះ មានអន្តរាគមន៍ ពីមន្ត្រីមានអំណាច ព្រោះតែ ជនត្រូវចោទ ជាចោរឆក់ខ្សែកនោះ ជាមន្ត្រីជាប់កិច្ចសន្យានៅស្ថាប័នរដ្ឋ៕
ប្រភពៈ ANN