រថយន្តRAV4 បើកបុកសួនទ្រូងផ្លូវជិតរង្វង់មូលព្រហ្មមុខបួន និងហោះពោបពីលើតែម្ដង បណ្ដាលឲ្យរងការខូចខាត
-

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តRAV4 ក្នុងលឿនលឿន និងមិនប្រយ័ត្នពេលដល់ចំណុចផ្លូវកោង ក៏បួងចង្កូតមិនទាន់ ជ្រុលទៅបុកសួនពុះចែកទ្រូងផ្លូវ និងហោះនៅពីលើសួន បណ្ដាលឲ្យរងការខូចខាតទាំងសួនទ្រូងផ្លូវ និងរថយន្តបង្ក តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៦A ជិតនិងរង្វង់មូលព្រហ្មមុខបួនជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុ គេសង្កេតឃើញ បុរសម្នាក់បានបើករថយន្តRAV4 តាមបណ្ដោយផ្លូវជាតិលេខ៦A ទិសដៅពីជើងទៅត្បួង ក្នុងលឿនលឿន ខណៈមកដល់ចំណុចផ្លូវកោងមិនប្រយ័ត្ន និងបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកសួនពុះចែកទ្រូងផ្លូវ និងហោះទៅនៅពីលើសួន តែម្ដង បណ្ដាលឲ្យរថយន្តបង្កដាច់កាឡែកង់មុខផ្នែកខាងឆ្វេងទៅមុខលេងរួច ចំណែកសួនពុះចែកទ្រូងផ្លូវ ក៏រងការខូចខាតផងដែរ តែមិនបង្កឲ្យមនុស្សរងរបួសនោះទេ ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចទាក់ទងទៅជំនាញឲ្យចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់ចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ ។
គួរបញ្ចាក់ផងដែរថា នៅទីតាំងកើតហេតុខាងលើ គឺមានស្ថានភាពផ្លូវកោងខ្លាំងណាស់ និងតែងតែមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាញឹកញ៉ាប់ ដោយមានពេលខ្លះរងរបួសធ្ងន់ ស្រាល និងបាត់បង់ជីវិតក៏មានដែរ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋក្នុងប្រទេសទាំងអស់ ពេលឆ្លងកាត់ទីតាំងខាងលើនេះ និងតាមដងផ្លូវផ្សែងៗ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីជៀសផុតពីគ្រោះថ្នាក់ ដោយ យថាហេតុ ៕
ដោយៈ ភារ៉ា