សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានយកថវិកា១០លានរៀល ទៅចូលរួមបុណ្យសព នារីរងគ្រោះម្នាក់ នៅលើស្ពានជ្រោយចង្វារ
ព្រៃវែងៈ ថ្ងៃអាទិត្យទី២៤ ខែមិថុនា ឆ្នាំ២០១៨ ដោយក្តីអាណិតអាសូរចំពោះករណីប្តី-ប្រពន្ធជួបគ្រោះថ្នាក់ចរាចរណ៍ខណៈពេលធ្វើដំណើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ចែងភ្លាមៗ ឱ្យសហការី ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងចូលបុណ្យសពលោកស្រី មៃ ស្រីពៅ ដែលបានទទួលមរណភាពក្នុង អាយុ២៧ឆ្នាំ បន្សល់ទុកប្តី និងកូនតូចអាយុ១ឆ្នាំ យ៉ាងសោកសង្រេងពន់ពេក ។
ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានពាំនាំនូវការសោកស្តាយបំផុត និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព បានចាប់កំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ លោកស្រីក៏បានលើកទឹកចិត្តដល់ លោក យាន ចន្តា ត្រូវជាប្តីរបស់ប្រពន្ធដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នោះ ត្រូវរឹងមាំឡើង ហើយបន្ដជីវិតនៅមុខទៀត ដោយប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតឲ្យកាន់តែប្រសើរ ដើម្បីទំនុកបម្រុងកូនកំសត់មួយនេះ ឲ្យបានល្អ ។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា បានចូលបុណ្យសពនូវបច្ច័យចំនួន ១០លានរៀល អង្ករ ១០០គីឡូក្រាម មី ៥កេស ត្រីខ ៥០កំប៉ុង និងទឹកក្រូច ៥កេស។ សូមជម្រាបថា ករណីប្តី-ប្រពន្ធ២នាក់ ខ្ចីលុយគេបាន៥០ដុល្លារ ដើម្បីទិញសម្ភារ និងទឹកដោះគោ យកទៅមើលកូនឈឺនៅស្រុកកំណើត បានជួបគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ កាលពីល្ងាចថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៨ បណ្តាលឱ្យប្រពន្ធស្លាប់ចោលប្តីនិងកូនតូច ហើយបញ្ជូនមកធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតស្ថិតនៅភូមិព្រៃក្រឡាញ់ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង៕
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។