នាំខ្លួនស្ត្រីមេតុងទីនម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ប្រមូលលុយតុងទីន ចំនួន២លាន៦សែនដុល្លារ បំរុងរត់គេចខ្លួន
-

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨នេះស្ត្រីមេតុងទីនម្នាក់ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត ពាក់ព័ន្ធករណីប្រមូលលុយតុងទីនចំនួន២លាន៦សែនដុល្លារមិនសងមកអ្នកលេងជាមួយវិញ ។

ជនជាប់ចោទឈ្មោះ លី គឹមហួរ ភេទស្រីអាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះលេខ ៣៧ Ceo E1 ផកលូវលេខ៣៥៨ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។ លី គឹមហួរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកសាលាដំបូងកាលពីថ្ងៃទី ២៣មិថុនា ឆ្នាំ២០១៨ ក្នុងនោះក្រោយពីបានសាកសួររួច លោកហុឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ពីបទរំលោភលើទំនុកចិត្តតាមមាត្រា ៣៩១ មាត្រា៣៩២ នៃក្រមព្រហ្មទ័ណ្ឌ និងដាក់អោយស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ និងស្នើអោយចៅក្រមសើបសួរចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ។ រហូតមកដល់ថ្ងៃទី ២៤មិថុនា ឆ្នាំ២០១៨ចៅក្រមសើបសួរឈ្មោះ កូយ សៅ មិនទាន់សម្រេចបែបណាទេ ។ ពាក់ព័ន្ធការចាប់ខ្លួននិងចោទប្រកាន់មេតុងទីនឈ្មោះ លី គឹមហួរ ប្រភពព័តិមានពីសាលាដំបូងបានអោយដឹងថា កាលពីឆ្នាំ២០១៤ ឈ្មោះ តាំង គឹមហួង ហៅចែស្រួយ ឈ្មោះកែវ មួយលី និងឈ្មោះ លៅ គឹមហួរ បានលួងលោមឈ្មោះ ប៊ុន សុភាព ភេទស្រី អោយលេងតុងទីនជាមួយពួកគេចំនួន១៥ក្បាល ដោយពួកគេជាអ្នកធ្វើមេតុវទីននោះរហូត ដោយលើកទី១តុងទីនក្បាល ៣០០ដុល្លារ ចាប់បករមូលថ្ងៃទី ១៩មេសា ឆ្នាំ២០១៤មួយខែដេញម្ដង មានកូន៤២នាក់ ។ លើកទី២ ក្បាល៥០០ដុល្លារ មានគ្នា៤២នាក់ ។ លើកទី៣តុងទីនក្បាល៣០០ដុល្លារ មានគ្នា ៥៤នាក់ ។ លើកទី៤ តុងទីនក្បាល៣០០ដុល្លារ មានគ្នា៥៤នាក់ ។ លើកទី ៥ តុងទីនក្បសល២០០ដុល្លារ មានកូន៦២នាក់ ។ លើកទី ៦ តុងទីនក្បាល៥០០ដុល្លារ មានគ្នា៥៤នាក់ ។ លើកទី៧ តុងទីនក្បាល ២០០ដុល្លារ មានគ្នា៦៦នាក់ ។ លើកទី៨ តុងទីនក្បាល ៥០០ដុល្លារ មានគ្នា៤៤នាក់ ។ លើកទី ៩ តុងទីនក្បាល ៣០០ដុល្លារ មានគ្នា ៥៤នាក់ ។ លើកទី១០ តុងទីនក្បាល ៣០០ដុល្លារ មានគ្នា៤២នាក់ ។ លើកទី១១ តុងទីនក្បាល ២០០ដុល្លារ មានគ្នា៥៧នាក់ ។ លើកទី ១២ តុងទីនក្បាល ៥០០ដុល្លារ មានគ្នា៥៣នាក់ ។ លើកទី ១៣ តុងទីនក្បាល ៣០០ដុល្លារ មានគ្នា ៤៤នាក់ ។ លើកទី ១៤ តុងទីនក្បាល ២០ដុល្លារមានគ្នា១៣៤នាក់ ដេញរាល់ថ្ងៃ ។ លើកទី ១៥ តុងទីនក្បាល ២០ដុល្លារ មានគ្នា១៣៨នាក់ ដេញរាល់ថ្ងៃ ។
ចាប់តាំងពីលេងតុងទីននោះមកឈ្មោះប៊ុន សុភាព បានបង់លុយអោយឈ្មោះ តាំង គឹមហួង ឈ្មោះកែវ មួយលី និហឈ្មោះ លី គឹមហួរ សរុបជាទឹកប្រាក់ចំនួន ២ ៦០០ ០០០ ដុល្លារ លុះដល់ពាក់កណ្ដាលខែមិនា ឆ្នាំ២០១៧ ឈ្មោះតាំង គឹមហួងនិងឈ្មោះកែវ មួយលី បានលួចរត់ចេញទៅក្រៅបករទេសមិនអោយអ្នកលេងតុងទីនទាំងអស់ដឹងឡើយ ដោយទុកអោយកូនឈ្មោះ លី គឹមហួរ នៅដើរប្រមូលលុយតុងទីនយកទីទុករហូត ហើយនៅពេលដែលអ្នកលេងតុងទីនទៅទារយកលុយមកវិញស្រាប់តែពួកគេគេចមុខមិនព្រមជួបទើបឈ្មោះប៊ុន សុភាពដាក់ពាក្យប្ដឹងអោយសមត្ថកិច្ចចាប់ខ្លួនតែម្ដង ។ ក្នុងពាក្យបណ្ដឹងរបស់ជនរងគ្រោះបានទាមទារប្រាក់ដើមចំនួន២ ៦០០ ០០០ដុល្លារនិងជំងឺចិត្តចំនួន៥០មុឺនដុល្លារ ៕