ប្លន់យកម៉ូតូទៀតហើយ!!! គ្រាន់តែរដូវកាល World Cup ចូលមដល់ភ្លាម ករណីលួច និងប្លន់បានកើតឡើង ជាច្រើនករណីនៅ រាជធានីភ្នំពេញ ចាប់តាំងពីថ្ងៃទី១
ភ្នំពេញៈ ថ្ងៃសៅរ៍ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១១ៈ៣០នាទីយប់ នៅត្រង់ចំណុចផ្លូវលំមួយកន្លែង ខាងក្រោយផ្សារកាណាសុធី ស្ថិតក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជនសង្ស័យមួយក្រុម ជិះម៉ូតូ៥គ្រឿង មានគ្នាជាង១០នាក់ បានធ្វើសកម្មភាពវាយ និងដកកាំភ្លើងខ្លីភ្ជង់ប្លន់ទៅលើយុវជនប្រុសស្រី៣នាក់ ជិះម៉ូតូ២គ្រឿង យកបានម៉ូតូ ឌ្រីមសង់ ស៊េរីឆ្នាំ២០១៨ មួយគឿង បានសម្រេច ហើយជិះគេខ្លួនដោយសុវត្ថិភាព។
ជាក់ស្ដែងគ្រាន់តែរដូវកាល World Cup ចូលមដល់ភ្លាម ករណីលួច និងប្លន់បានកើតឡើងជាច្រើនករណីនៅរាជធានីភ្នំពេញ ចាប់តាំងពីថ្ងៃទី១ នៃរដូវកាលចាក់បាល់នេះចូលដល់ភ្លាម។ អំពើប្លន់ប្រដាប់អាវុធនេះ បានធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាសមត្ថកិច្ចបាត់បង់ទ្រព្យសម្បត្តិ រថយន្ត និងម៉ូតូជាច្រើនគ្រឿងផងដែរ។ យុវជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះ ថេត ប៊ុនថៃ អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅក្រោយផ្សារកាណាសុធី មានស្រុកកំណើតនៅភូមិវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ជនរងគ្រោះរៀបរាប់ថា មុនពេលកើតហេតុ រូបគេមានគ្នា៣នាក់ ជិះម៉ូតូពីរគ្រឿង ដោយមួយគ្រឿងម៉ាក ហុងដាប៊ីត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1GQ-0203 ជិះដោយបុរសម្នាក់ និងមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីមសង់ ធុនសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GR-5156 ជិះដោយជនរងគ្រោះ និងដឹកសង្សារចេញពីដើរលេងកោះពេជ្រ។ លុះពួកគេត្រឡប់មកផ្ទះវិញ នៅកាណាសុធីវិញ ស្រាប់តែមានជនសង្ស័យមួយក្រុមបានជិះមកពីក្រោយ ហើយជនសង្ស័យ២នាក់ ក្នុងចំណោមជាច្រើននាក់ បានជិះម៉ូតូមួយគ្រឿង មកកាក់ពីមុខ និងធ្វើសកម្មភាពយកមួកសុវត្ថិភាពវាយទៅលើគេ។ នៅពេលនោះ ខ្លួន(ជនរងគ្រោះ)បម្រុងស្រែកថា ចោរៗ ក៏ត្រូវបានជនសង្ស័យបានដកកាំភ្លើងអាមេបម្រុងបាញ់ធ្វើរូបគេភ័យបានរត់ចោលម៉ូតូយករួចខ្លួនសិន។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។