មន្រ្តីកាំកុងត្រូល រកឃើញសារធាតុគីមី បូរ៉ាក់ នៅក្នុង នំ បង្អែមបាញ់ឌុកនិងបង្អែមលតខៀវ...
-

ក្រុងព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ក្រោមកិច្ចសហការពីមន្ត្រីសាលាខេត្តនិងមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះធ្វើការត្រួតពិនិត្យគុណភាពម្ហូបអាហារ ដើម្បីរកសារធាតុគីមីនៅក្នុងម្ហូបអាហាររបស់បងប្អូនប្រជាពលរដ្ឋ​ ហើយពេលនេះក៏បានរកឃើញសារធាតុគីមី បូរ៉ាក់ នៅក្នុង នំ បង្អែមបាញ់ឌុកនិងបង្អែមលតខៀវ ពិតប្រាកដមែន ដែលនេះជាហេតុធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាព នេះបើតាមការប្រើឧបករណ៍ធ្វើតេស្តបឋម ដែលលទ្ធផលបង្ហាញថា មានលាយសារធាតុគីមីហាមឃាត់។ ជុំវិញបញ្ហានេះ ប្រជាពលរដ្ឋជាអ្នកលក់បង្អែមនំបាញ់ឌុកនិងលតខៀវ នៅផ្សារលើមួយចំនួនដែលសមត្ថកិច្ចកាំកុងត្រូលរកឃើញថាមានលាយសារធាតុគីមីបូរ៉ាក់នេះ ថ្លែងថានំបាញ់ឌុកនិងលតខៀវនេះ ពួកគាត់មិនមែនធ្វើខ្លួនឯងទេ និងបញ្ជាក់ថាពួកគាត់បានទិញពីអ្នកបោះដុំក្នុងផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្មអូរ១ ជិតផ្សារលើនេះដែរ ដោយពុំដឹងមុនថាមានលាយសារធាតុគីមីអ្វីទេ។ ទោះជាយ៉ាងនេះក្តី មន្ត្រីកាំកុងត្រូលបានធ្វើការដកហូតយកទាំងអស់ដើម្បីយកទៅកំទេចចោល និងបានចុះទៅកាន់ទីកន្លែងចែកចាយក្នុងផ្សារមជ្ឈមណ្ឌលពាណិជ្ជកម្មអូរ១ ដើម្បីស្រាវជ្រាវបន្ថែម ប៉ុន្តែអាជីវករពាក់ពន្ធ័អះអាងថា ថ្ងៃនេះបានលក់ចែកចាយអស់ហើយ ជាមួយនឹងការបដិសេធថាមិនបានដឹងថាក្នុងនំនេះមានសារធាតុគីមីនោះទេ។ ដើម្បីទប់ស្កាត់បញ្ហាលាយសារធាតុគីមីបូរ៉ាក់ក្នុងនំបាញ់ឌុកនិងលតខៀវនេះ មន្ត្រីកាំកុងត្រូលក៍បានតម្រូវអោយបងប្អូនអាជីវករពាក់ពន្ធ័ទាំងអ្នកបោះដុំ និងទាំងអ្នកលក់រាយ បញ្ឈប់លែងអោយមានដាក់លាយគីមីបន្តទៀតជាដាច់ខាត ក្នុងករណីសមត្ថកិច្ចរកឃើញលើកក្រោយ អាចនឹងប្រឈមមុខតាមផ្លូវច្បាប់៕

ដោយ៖ និស្ស