ថៃ៖ នាព្រលប់ថ្ងៃទី ២៩ មិថុនា ព្រះសង្ឃភូមាវ័យចំណាស់ល្បីឈ្មោះមួយអង្គ បាននិមន្តមកដល់រូងល្អាងថាំហ្លួងដែលជាកន្លែងបាត់មនុស្ស ១៣នាក់ ដើម្បីធ្វើពិធីសាសនាសុំឲ្យបារមីម្ចាស់ល្អាង ឬព្រះម៉ែដេក បើកផ្លូវឲ្យអ្នកកុមារបាត់ខ្លួនចេញមកក្រៅជួបជុំគ្រួសារឪពុកម្ដាយវិញ។ ព្រះគ្រូអង្គនេះព្រះនាម បាប៊ុនឈុម ជាសង្ឃទទួលបានការគោរពស្រលាញ់ពីប្រជាជនភូមាជាច្រើនចំពោះបារមីព្រះអង្គ រហូតល្បីរន្ទឺដល់ប្រទេសថៃភាគខាងជើងនេះថែមទៀត។ វត្តមានរបស់ព្រះអង្គត្រូវបានអមដំណើរដោយអភិបាលខេត្តឈៀងរ៉ាយ អាជ្ញាធរ និងប្រជាជននៅទីនោះស្វាគមន៍យ៉ាងកក់ក្ដៅ។ ពិធីសុំឲ្យបើកផ្លូវងងឹតនេះត្រូវបានរៀបចំ ធំគួរសមដោយមានគ្រឿងដង្វាយសាច់ ផ្លែឈើ និងផ្កាជាច្រើនដោយមានការចូលរួមពីឪពុកម្ដាយ សាច់ញាតិរបស់អ្នកបាត់ខ្លួនទាំង ១៣នាក់។ អ្វីកាន់តែធ្វើឲ្យគេភ្ញាក់ផ្អើល និងមិននឹកស្មានមួយទៀត គឺមុនពេលពិធី មានភ្លៀងធ្លាក់ខ្លាំង ស្រាប់តែពិធីចាប់ផ្ដើមមិនទាន់បានប៉ុន្មានផង មេឃចាប់ផ្ដើមរាំងភ្លាមៗ ធ្វើឲ្យគ្រប់គ្នាភាំងនិយាយមិនចេញ និងកាន់តែមានជំនឿលើព្រះអង្គថែមទៀត។ ក្រោយចប់ពិធីព្រះអង្គថា អ្នកបាត់ខ្លួនទាំង ១៣នាក់ នឹងបង្ហាញខ្លួនក្នុងរយៈពេល ២ថ្ងៃបន្ទាប់ ហើយព្រះត្រូវមកធ្វើពិធីសុំបើកផ្លូវនៅថ្ងៃទី ៣០ មិថុនានេះម្ដងទៀត។ សង្ឃដីការបស់ព្រះអង្គពេលនេះ ធ្វើឲ្យឪពុកម្ដាយ សាច់ញាតិ និងមនុស្សជាច្រើនទៀតត្រេកអររំភើបទុកជាមុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ Khaosod។ គួរបញ្ជាក់ថា ប្រតិបត្តិការតាមស្វែងរកអ្នកបាត់ខ្លួនឥតឈប់ឈរដដែល គិតមកត្រឹមពេលនេះមានការចូលរួមពីប្រទេសជាច្រើនដូចជា អង់គ្លេសបញ្ជូនអ្នកជំនាញមុជទឹក ៣នាក់ អាមេរិកបញ្ជូនកងកម្លាំងពិសេស ៣០នាក់ ហ្វីលីពីនអ្នកជំនាញ ១០នាក់ ឯចិនប្រកាសថានឹងបញ្ជូនសម្ភារៈ និងអ្នកជំនាញមានបទពិសោធន៍សង្គ្រោះមនុស្សដែលធ្លាប់ជាប់ក្នុងរូងភ្នំនៅនេប៉ាល់ និងមីយ៉ាន់ម៉ា ប្រសិនបើរដ្ឋាភិបាលថៃស្នើសុំជំនួយ។ នេះបើតាមប្រភពវេបសាយថៃ The Nation។ នៅថ្ងៃសុក្រដដែល អាជ្ញាធរថៃបានបណ្ដែតប្រអប់ជួយសង្គ្រោះដែលមានអាហារ ផែនទី ទូរសព្ទដៃ ទៅក្នុងរូងភ្នំតាមខ្សែទឹក ដោយសង្ឃឹមថា វានឹងទៅដល់មនុស្សទាំង ១៣នាក់ដែលកំពុងជាប់អត់បាយអត់ទឹក។ ក្នុងប្រអប់សង្គ្រោះនៅមាន ថ្នាំពេទ្យ ប៊ិក ទាន ដែកកេះ ទឹកសុទ្ធ គ្រឿងបរិក្ខារផ្សេងទៀត ពិសេសសំបុត្រមួយច្បាប់សរសេរថា «បើបានទទួលហើយ សូមតបមកវិញផងថានៅកន្លែងណាក្នុងផែនទី គ្រប់គ្នានៅខាងក្រៅប្រញាប់ទៅជួយភ្លាម» ។ ប្រអប់ចំនួន ២០ បានទម្លាក់តាមផ្លូវទឹកហូរដែលអាចអណ្ដែតទៅដល់ម្ដុំបាត់ខ្លួន។ សមាជិកក្រុមបាល់ទាត់ជ្រូកព្រៃទាំង ១២នាក់ និងជំនួយការគ្រូបង្វឹកនេះ បានបាត់ខ្លួនក្នុងរូងល្អាងថាំហ្លួង តាំងពីល្ងាចថ្ងៃសៅរ៍ទី ២៣ មិថុនា បង្កឲ្យមានការស្វែងរកពីកងកម្លាំងដ៏ច្រើនសម្បើមមួយ។ គេជឿថា ពួកគេបានជាប់ក្នុងរូងល្អាងប្រវែងជាង ១០គីឡូម៉ែត្រនេះ ដោយសារជំនន់ទឹកភ្លៀងហូរចាក់ពីកំពូលភ្នំចូលល្អាងធ្វើឲ្យបិទផ្លូវចេញចូល។ បេសកកម្មជួយសង្គ្រោះត្រូវបានរារាំងដោយភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃបន្តបន្ទាប់ ធ្វើឲ្យកម្រិតទឹក និងភក់ក្នុងរូងកើនឡើងច្រើនរហូតបិទជាប់ពិដានរូងតាមកន្លែងខ្លះៗ ធ្វើឲ្យគេត្រូវផ្អាកពីការបូម មកខួងចោះថ្មល្អាងវិញ។ ការរុករកដុតដៃដុតជើង២៤ម៉ោងក្នុងមួយថ្ងៃនេះ មិនត្រឹមតែកងកម្លាំងរបស់រដ្ឋាភិបាលនោះទេ គឺនៅមានអ្នកជំនាញបរទេសជាច្រើនរូបទៀត។ អ្នកជំនាញជាច្រើនអះអាងថា អ្នកបាត់ខ្លួនទាំងនោះនៅមានជីវិតនៅឡើយ៕
ប្រភព៖ camnews