មន្រ្ដីប៉ូលីសពន្ធនាគារម្នាក់ ត្រូវបានជនបរទេស ២នាក់ជិះម៉ូតូកង់៤ បុក សន្លប់រងរបួសធ្ងន់
ខេត្តសៀមរាបៈ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប មន្ត្រីពន្ធនាគារម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៏សន្លប់ស្ដូកស្ដឹង ក្រោយពីជនបរទេស២នាក់បើកម៉ូតូកង់៤ ក្នុងល្បឿនលឿនបញ្ច្រាសទិសគ្នា ជ្រុលទៅបុកទាំងកំរោល។ ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានដឹកតាមរថយន្តសង្គ្រោះទៅមន្ទីរពេទ្យ ចំណែកជនបរទេស ទាំង២នាក់រងរបួសស្រាល។
នាយកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន ខេត្តសៀមរាប លោកវរសេនីយ៍ឯកជឹម សុវណ្ណ បានឲ្យដឹងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨នេះថាករណីគ្រោះថ្នាក់ចរាចរណ៍នេះខាងលើ លោកទទួលបានរបាយណ៍ហើយ លោកបានឲ្យដកហូតយកម៉ូតូកង់៤ ដែលជាម៉ូតូរបស់ក្រុមហ៊ុនមួយនៅ ក្នុងក្រុងសៀមរាប ដែលបានជួលឲ្យភ្ញៀវជិះដើរលេង និងបង្ករបួសស្នាមដល់មន្ត្រីពន្ធនាគារខេត្តសៀមរាប។ លោកវរសេនីយ៍ឯក ជឹម សុវណ្ណ បន្ថែមថាពេលនេះជនរងគ្រោះ បានទទួលសំណង ពីក្រុមហ៊ុនម៉ូតូដឹកភ្ញៀវនោះហើយ ព្រោះខាងក្រុមហ៊ុនមានលិខិតអនុញ្ញាតិ ពីមន្ទីរទេសចរណ៍ខេត្តសៀមរាប។ ចំណែករឿងភ្ញៀវបរទេស ជិះម៉ូតូនោះខាងលោកនៅមិនទាន់ សម្រេចថាយ៉ាងណានោះទេ មិនទាន់មានរបាយការណ៍ លម្អិតពីខាងសមត្ថកិច្ច។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។