សម្ដេចតេជោហ៊ុន សែន បានលើកឡើងថា អ្នកដែលលួចហ៊ែគ ហ្វេសប៊ុក សម្ដេច គឺជាឧក្រិដ្ឋជន ដែលត្រូវបាន សមត្ថកិច្ចកំណត់ មុខសញ្ញារួចហើយ
-

ភ្នំពេញៈ បន្ទាប់ពីករណី លួចចូលហ៊ែគហ្វេសប៊ុក របស់សម្ដេចតេជោ មួយរយៈពេលខ្លី កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២១០៨នោះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា អ្នកលួចហ៊ែគ ហ្វេសប៊ុក សម្ដេចគឺជាឧក្រិដ្ឋជន ដែលត្រូវបាន សមត្ថកិច្ចកំណត់មុខសញ្ញារួចហើយ។

សម្ដេចបានបញ្ជាក់ថា នៅក្នុងឱកាសបន្តអញ្ជើញ ចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីចំនួន ១៥,៣៦៨នាក់ នៅរោងចក្រតំបន់ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែន សុខ រាជធានីភ្នំពេញថា" ធ្វើអីមិនកើតមកលួចហ្វេសប៊ុក របស់ហ៊ុន សែន នេះពិតជាអាក្រក់ ជូរជាតិ។ ប៉ុន្តែនេះគឺជាឧក្រិដ្ឋកម្ម ដែលខ្ញុំមិននិយាយដល់ថា ទៅដល់ណាហើយទេ ព្រោះទុកលទ្ធភាព អោយគេធ្វើការព្រោះយើងក៏ត្រូវមានទំនាក់ទំនង ជាមួយនឹងប៉ូលីស អន្តរជាតិ ដើម្បីនឹងធ្វើការនេះផងដែរ។ អ្នកមិនត្រូវភ្លេចគិតថា ឃើញទឹកស្ងប់ថា នៅក្នុងទឹកគ្មានត្រី ឲ្យសោះ"។ សម្ដេចតេជោ ក៏បានអរគុណចំពោះក្រុមហ៊ុន ហ្វេសប៊ុក ដែលបានសហការយ៉ាងល្អ លើករណីនេះផងដែរ ៕