អីុណូ ប្រកាសចេញមុខកាន់តែខ្លាំង លើមុខជំនួញដីធ្លី ដែលកំពុងតែមានការពុះកញ្ជ្រោល មិនចាញ់ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ត
-

ភ្នំពេញៈ ក្រោយពីតារាចំរៀងល្បី២រូបលោក ខេមរះ សិរីមន្ដ និងលោក ព្រាប សុវត្តិ បានប្រកាសចាប់ដៃគូររកសុី ជាមួយឧកញ្ញាវ័យក្មេង ឡេង ណាវ៉ាតត្រា ខាងផ្នែកអចលនទ្រព្យដីធ្លី កំពុងតែមានការពុះកញ្ជ្រោលនោះ។ ស្រាប់តែលោក អ៊ីណូ បានប្រកាសចេញមុខកាន់តែខ្លាំង លើមុខជំនួញដីធ្លី ដែលកំពុងតែមានការពុះកញ្ជ្រោលដែរ។ ការប្រកាសចេញមុខនេះ ធ្វើឡើងក្រោយពីសិល្បះករ ពិសេសតារាចម្រៀងលោក ខេមរៈ សិរីមន្ត និងលោកព្រាប សុវ​ត្ថិ បញ្ចេញគម្រោងថ្លៃរាប់លានដុល្លារអាមេរិកនោះ។

ការប្រកាសនេះធ្វើឡើងកាលពីព្រឹក ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោមការចូលរួមពីសំណាក់សិល្បះករ និងដៃគូមុខជំនួញជាច្រើនរូប។ លោក អ៊ីណូ បញ្ជាក់ថា មូលហេតុដែលលោកសម្រេចចិត្តចូលប្រឡូកក្នុងជំនួញដីធ្លីនេះ ព្រោះតែវាគឺជាមុខជំនួញ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ខណៈដែលតម្រូវការខ្ពស់ ប្រជាពលរដ្ឋកាន់តែច្រើន ផ្សំ​នឹង​ឱកាស​ផង ផ្សំ​នឹង​មាន​ជំនឿ​ចិត្ត​នឹង​ម្ចាស់​គម្រោង​ផង ទើប​លោក​សម្រេច​ថា​ ចេញ​រកស៊ី​ផ្នែក​នេះ​ជា​លើក​ដំបូង។
ជាមួយគ្នានេះ លោកក៏ចេញមុខបកស្រាយដែរថា ជំនួញដីធ្លីនេះគឺលោកជាម្ចាស់ភាគហ៊ុនផ្ទាល់ មិនមែនគ្រាន់តែជាការឈរឈ្មោះ ឲ្យគេដូរការលើកឡើងកន្លងមកនោះទេ។ តារារូបនេះប​ញ្ជាក់ថា គម្រោង​ដីឡូតិ៍របស់លោកមានឈ្មោះថា គម្រោងដីឡូតិ៍ "អ៊ីណូ-សីហា" ដែលស្ថិតនៅ​តំបន់​ភ្នំ​បាសិតដែល ​ជិត​ផ្លូវ​៥១ ជិត​គ្នា​នឹង​គម្រោង​ដីឡូតិ៍​លោក ព្រាប សុវត្ថិ ជា​ប្រភេទ​ដី​ល្អ ខ្ពស់​មិន​លិច​ទឹក ត្រូវ​បាន​បើក​ដំណើរ​លក់​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​ហើយ។
លោកថាដីឡូតិ៍នេះ ស្ថិតក្នុង​ទំហំ​វិនិយោគ​រាប់​សិប​ម៉ឺន​ដុល្លារ​អាមេរិក ដែល​​នឹង​ផ្ដល់​ឲ្យ​បង​ប្អូន​ប្រជាពលរដ្ឋនូវ​ការ​វិនិយោគ​ប្រកប​ដោយ​ទំនុក​ចិត្ត​បំផុត។ នេះ​មិន​មែន​ជា​លើក​ទី​១ ដែល​លោក​បាន​ហក់​ចូល​មក​ក្នុង​ទីផ្សារ​អចលនទ្រព្យ ពោល​គឺ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ លោក​ក៏​ធ្លាប់​សហការ​លក់​ផ្ទះ​ល្វែង​ ជាមួយ​សាច់​ញាតិ​ម្នាក់​ដែរ ៕