ស្រីរូបស្រស់ស្រវឹងស្រាបើករថយន្តទំនើបបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់១កង់ ឯរថយន្តបែកកង់មុខរងការខូចខាត ព្រមទាំងដៀល...
ណារ៉ា
-

ភ្នំពេញ ៖ រថយន្តស៊េរីទំនើបម៉ាក ម៉ាស្ដា មួយគ្រឿងដែលបើកបរដោយនារីរូបស្រស់ម្នាក់ស្រវឹងស្រា បានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងកាខូចខាត ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចក្បែរការ៉ាស់លក់រថយន្ត លី ហ៊ួរ តាមបណ្ដោយផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តទំនើបម៉ាក ម៉ាស្ដា ពណ៌កណ្ដុរប្រមះ ពាក់ស្លាកលេខភ្នំពេញ 2AQ -7173 ដែលបើកបរដោយនារីម្នាក់មានស្ថានភាពស្រវឹងស្រា បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៩៨ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរបាំងថ្មបាក់អស់១កង់ ឯរថយន្តបង្កបានបែកកង់មុខផ្នែកខាងឆ្វេង ព្រមទាំងផ្ទុះពោង និងបែកស្ដុបមុខរងការខូចខាតយ៉ាងដំណំ តែសំណាងល្អក្នុងហេតុការណ៍នេះមិនបង្កឲ្យមនុស្សរងរបួសនោះទេ ។
ក្រោយកើតហេតុ ខណះអ្នកសារព័ត៌មានចុះទៅផ្តិតយករូបភាព នារីរូបស្រស់បង្កហេតុនោះ បានដើរមករកអ្នកព័ត៌មានហើយបោះសម្ដីថា (ពូកែជាន់ពន្លិចគេកំពុងមានបញ្ហា ថោកទាប ) រួចបានដើរទៅរកម៉ូតូឥណ្ឌាឡើងជិះគេចខ្លួនបាត់ ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចរាចរណ៍ក្រុងឲ្យចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕