ក្រសួង​អប់រំៈ សម្រេច​ដាក់​វិន័យ​បេក្ខជន​ប្រឡង​បាក់​ឌុ​ប​ ចំនួន១៧រូប​ ឲ្យ​ធ្លាក់​ជា​ស្វ័យ​ប្រវត្តិ​ ក្រោយពី....
-

ភ្នំពេញៈ​ ខណៈ​លទ្ធផល​ផ្លូវការ​នៃ​ការ​ប្រឡង​សញ្ញាបត្រ​ធ​ម្យ​ម​សិក្សា​ទុតិយភូមិ ​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី២០-២១ ខែសីហា ឆ្នាំ​២០១៨ កន្លង​ទៅ​នឹង​ត្រូវ​ប្រកាស​លទ្ធផល​​នៅ​ថ្ងៃ​ទី១០ ខែកញ្ញា​នេះ។

ក៏​ស្រាប់តែ​មាន​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃ​ទី០៩ ខែកញ្ញា របស់​ក្រសួង​អប់រំបញ្ជាក់​ឲ្យ​ដឹង​ថា អង្គប្រជុំ​ក្រុមប្រឹក្សាវិន័យ​របស់​ក្រសួង​អប់រំ ដោយ​មានការ​ចូលរួម​ពី​តំណាង​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ផង​ដែរ «​បាន​សម្រេច​​ដាក់​វិន័យ​ចំពោះ​បេក្ខជន​ដែល​​បាន​ប្រព្រឹត្ត​ខុសឆ្គង ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ ហើយ​ត្រូវ​បាន​កំណត់​ឲ្យ​ធ្លាក់​ជា​ស្វ័​យ​ប្រ​វិត្ត ចំនួន ១៧នាក់​» ។ ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា ​បេក្ខជន​ទាំង ១៧រូប​នោះ​គឺ​មាន ករណី​ប្រើប្រាស់​ទូរស័ព្ទ ៣នាក់ ករណី​យក​សំណៅ​ឯកសារ​ និង​ទូរស័ព្ទ​ចូល​ក្នុង​បន្ទប់​ប្រឡង ៦នាក់ ករណី​យក​នាឡិកាដៃ Smart Watch ចូល​ក្នុង​បន្ទប់​ប្រឡង ១នាក់ និង​ករណី​រក​ឃើញ​​មាន​សញ្ញា​សម្គាល់​អាគតដ្ឋាន​នៅ​លើ​សន្លឹក​កិច្ចការ​បេក្ខជន ៧នាក់។​
សម្រាប់​ករណី​បេក្ខជន​ដែល​បាន​ប្រព្រឹត្ត​ខុសឆ្គង​ខាងលើ បាន​កើតឡើង​នៅ​តាម​មណ្ឌល​​សំ​ណេ​រ​មួយ​ចំនួន​នៅ​ក្នុង​ខេត្តស្ទឹងត្រែង​ ១​នាក់ ខេត្តក្រចេះ ​១​នាក់ ខេត្តស្វាយ​រៀង ១​នាក់ ខេត្តសៀមរាប​ ១​នាក់ ខេត្តកណ្តាល​១​នាក់ ខេត្តរតនគិរី ១​នាក់ ខេត្ត​ព្រះ​សីហនុ​​ ១​នាក់ ខេត្តកំពង់ចាម​ ១​នាក់ ខេត្តបន្ទាយមានជ័យ​ ៣​នាក់ និង​រាជធានី​ភ្នំពេញ​ ៦នាក់ ៕