ព្រះរាជអាជ្ញាបញ្ជាឲ្យឃាត់ខ្លួន និង​បញ្ជូនអាជីវករផ្សារព្រៃទា៤នាក់ ទៅតុលាការ ក្រោយពីប្រើអំពើហិង្សាលើ...
-

ភ្នំពេញ៖ ​នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ ព្រះរាជអាជ្ញាបានបញ្ជាឲ្យឃាត់ខ្លួន ក្រុមអាជីវករផ្សារព្រៃទា ចំនួន៤នាក់ និងចាប់បញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់ ក្រោយប្រើប្រាស់អំពើហិង្សា និងចាប់ក្មេងស្រីជំទង់ម្នាក់កោរសក់ ដោយសង្ស័យលួចទូរស័ព្ទនៅក្នុងផ្សារ។

លោកវរសេនីយ៍ឯក យឹម សារ៉ាន់ បានប្រាប់ឲ្យដឹងថា "យើងសុំគោលការណ៍ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងទទួលបន្ទុក និងឯកឧត្តមស្នងការ គឺបញ្ជូនជនសង្ស័យទាំង៤នាក់ ឡើងតុលាការដើម្បីចាត់វិធានការណ៍ និងដើម្បីឲ្យពួកគាត់ស្គាល់ពីនីតិវិធីច្បាប់តែប៉ុណ្ណោះ និងឈប់ប្រើហិង្សាបន្ដទៀត"
លោក យឹម សារ៉ាន់ បានបន្តទៀតថា ការប្រើប្រាស់អំពើហឹង្សា មិនអាចបណ្តែតបណ្តោយបានទេ។ បើនិយាយពីជនសង្ស័យលួចទូរស័ព្ទនោះ គឺគាត់មានទោសពីបទលួច ប៉ុន្តែការប្រើហិង្សា ឬតុលាការប្រជាជននេះ ខុសនិតិវិធី​ ព្រោះពលរដ្ឋមានសិទ្ធិត្រឹមតែចាប់បញ្ជូនជនសង្ស័យទៅនគរបាលយុត្តិធម៌ ដើម្បីសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
លោក យឹម សារ៉ាន់ បានបន្តឲ្យដឹងថា អាជីវករផ្សារព្រៃទាចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាល ហៅមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោយ​ពាក់ព័ន្ធចាប់ស្ដ្រីជនសង្ស័យជាចោរលួចម្នាក់ កោរសក់ និងធ្វើទារុណកម្មលើរូបរាងកាយ​ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ម្សិលមិញ។
យ៉ាងណាមិញ លោក យឹម សារ៉ាន់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់អំពើហិង្សាទៅលើជនសង្ស័យ ដោយប្រជាពលរដ្ឋ ត្រូវបញ្ជូនទៅម្លាំងនគរបាលមូលដ្ឋាន ដើម្បីចាត់ការបន្ដតាមនីតិវិធី។
ដោយៈ​ ភារ៉ា