ភ្នំពេញៈ កាលពីថៃ្ងទី២០ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅខណ្ឌដង្កោ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម តាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័ត ដឹកនាំដោយលោក ញូង វ៉ែន ជាអនុប្រធាននាយកដ្ឋាន សហការជាមួយមន្រ្តីជំនាញរបស់មន្ទីពិសោធន៍ នៅ បានចុះត្រួតពិនិត្យបរិមាណគុណភាព និងតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ៍ និងដេប៉ូមួយចំនួនក្នុងរាជធានីភ្នំពេញ។

លោក ញូង វ៉ែន បានឲ្យដឹងថា ការត្រួតពិនិត្យគុណភាព និងបរិមាណនេះផ្អែកទៅលើឧបករណ៍ ត្រួតពិនិត្យនៅនឹងកន្លែង ដូចជា ធុងក្រឹតមានមាឌជាក់លាក់ សម្រាប់វាស់បរិមាណប្រេង ដែលបាញ់ចេញពីកុងទ័រ តាមទំហំផ្សេងខុសគ្នា មានចំណុះ៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត។ ចំពោះថ្លៃលក់រាយ តាមស្ថានីយ៍ និងដេប៉ូ គឺផ្អែកតាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម។

ជាលទ្ធផល នៃការត្រួតពិនិត្យ គុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយ៍៦កន្លែង នៅទីតាំងខាងលើនេះ មាន៤ទីតាំង បានលក់ប្រេងដោយអនុលោមភាព ទាំងផ្នែកបរិមាណនិងគុណភាព និង២ទីតាំង មិនមានអនុលោមភាពទាំងផ្នែកបរិមាណនិងគុណភាព។ ចំពោះថ្លៃលក់រាយ ទាំង៦ទីតាំង បានអនុវត្តត្រឹមត្រូវ តាមសេចក្តីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម។

លោកបានអំពាវនាវ ដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារអ្នកប្រើប្រាស់ តាមផ្លូវច្បាប់ ហើយចំពោះក្រុមហ៊ុន និងដេប៉ូ ដែលបានរកឃើញ មានការលក់ប្រេងឥន្ធនៈមិនសមស្រប ត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះ នឹងត្រូវទទួលរងនូវចំណាត់ ការតាមនីតិវិធី ៕






