ពេលលោក ភូមិថាំ វីឆាយ៉ាឆៃ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃថៃ ឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីស្តីទី តើបញ្ហាដែលកំពុងឡើងកម្តៅជាមួយកម្ពុជានឹងវិវត្តន៍យ៉ាងណាទៀត? តើសេនារីយោនយោបាយ ឈានដល់កម្រិតបែបណាទៀត ក្រោយលោកស្រី ផែថង ថាន ត្រូវបានព្យួរតំណែងពីនាយករដ្ឋមន្រ្តី?

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក ភូមិថាំ វីឆាយ៉ាឆៃ ដែលទើបផ្លាស់ពីរដ្ឋមន្រ្តីក្រសួងការពារជាតិ គ្រោងកាន់ជានាយករដ្ឋមន្រ្តីស្តីទីរបស់ថៃ ក្រោយគណ:រដ្ឋមន្រ្តីថៃ ចូលស្បថនៅចំពោះព្រះមហាក្សត្រ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥។
ក្រោយតុលាការធម្មនុញ្ញកាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ បានព្យួរតំណែងលោកស្រី ផែថង ថាន, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក Suriya Jungrungreangkit ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីស្តីទី។ តែក្រោយស្បថនៅ ព្រះមរបរាជវាំង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងកាន់តំណែងនាយករដ្ឋមន្រ្តីស្តីទីនេះវិញ។
លោក ភូមិថាំ ជាមនុស្សរបស់គណបក្សភឿថៃ ហើយលោកជាឧបនាយករដ្ឋមន្រ្តីទី១ នៅក្នុងជួររដ្ឋាភិបាល ប៉ុន្តែពេលលោកត្រូវបានបញ្ចប់តំណែងពីរដ្ឋមន្រ្តីក្រសួងការពារជាតិ ហើយតែងតាំងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោកមិនទាន់ត្រូវបានតែងតាំងភ្លាមៗ ជានាយករដ្ឋមន្រ្តីស្តីទីនោះទេ ដោយសារតែលោកមិនទាន់បានចូលស្បថនៅក្នុងវាំង ឲ្យពេញលក្ខណៈសម្បត្តិ និងពេញសុពលភាព ទើបរដ្ឋាភិបាលថៃ បានប្រគល់តួនាទីនេះជូនរដ្ឋមន្រ្តីក្រសួងសាធារណការ ដែលជាឧបនាយករដ្ឋមន្រ្តីលេខរៀងទី២។
សម្រាប់ការវាយតម្លៃរបស់ខ្ញុំ ដរាបណាបក្សភឿថៃ នៅតែដឹកនាំរដ្ឋាភិបាល នោះទំនាក់ទំនងជាមួយកម្ពុជា និងបញ្ហាតាមព្រំដែននៅមិនទាន់ធូរស្រាលនោះឡើយ។

កាលពីពេលថ្មីៗ លោក ភូមិថាំ ពេលកាន់តួនាទីជារដ្ឋមន្រ្តីក្រសួងការពារជាតិ ធ្លាប់បាននិយាយយ៉ាងឡូយថា បើសិនសភាពការណ៍តាមព្រំដែនកាន់តែតានតឹងឡើង លោកស្នើឲ្យក្រុមប្រឹក្សាសន្តិសុខជាតិ បិទមិនឲ្យប្រជាជនទាំង២ឡើងទៅ កាន់ប្រាសាទតាមាន់ធំនោះឡើយ។
តែការនិយាយបែបរាក់កាផែលនេះ ត្រូវបាននាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ត្រឡប់ទៅវិញហើយថា បើថៃបិទ គឺបិទតែថៃទៅ ដោយឡែកកម្ពុជាមិនបិទនោះឡើយ។ យើងរង់ចាំមើលតើពេលលោកកាន់ជានាយករដ្ឋមន្រ្តីស្តីទី ដែលមានលោក ថាក់ស៊ីន និងផែថង ថាន នៅបញ្ជាពីក្រោយដដែលនោះ នឹងមានរឿងអ្វីទៀតជាមួយកម្ពុជាយើង។
ងាកទៅការតស៊ូក្តីនៅតុលាការធម្មនុញ្ញវិញ។ លោកស្រី ផែថង ថាន មានពេល១៥ថ្ងៃ ដើម្បីដាក់ភស្តុតាង និងឯកសារនានា ដើម្បីតវ៉ាជាមួយការសម្រេចរបស់តុលាការមួយនេះ ដែលព្យួរតំណែងរបស់លោកស្រី។ ក្រោយពេលដាក់ភស្តុតាងបន្ថែម នោះតុលាការនឹងប្រើពេល ដើម្បីកាត់ក្តី និងឈានដល់ការសម្រេចចុងក្រោយដោយចេញជាសាលក្រម តើត្រូវប្រគល់តំណែងជូនលោកស្រីវិញ ឬត្រូវមានទោសយ៉ាងណា?

ការប្រគល់តំណែងជានាយករដ្ឋមន្រ្តីវិញជូនលោកស្រីវិញ ដូចជាមានផ្លូវចង្អៀតណាស់។ បើសិនការសម្រេចចុងក្រោយលោកស្រីត្រូវមានទោស តើរដ្ឋាភិបាលនឹងដំណើរការទៅយ៉ាងណា? តើលោក ភូមិថាំ នឹងកាន់រហូតចាប់អាណ្តិត២ឆ្នាំទៀត។
តាមអ្នកវាយតម្លៃនយោបាយថៃ បាននិយាយថា ពេលដល់ថ្ងៃនោះ បណ្តាបក្សនយោបាយដែលមានអសនៈនៅក្នុងសភា និងមានយ៉ាងតិច២៥អសនៈ នឹងដាក់បេក្ខជនរបស់ខ្លួនម្នាក់ ដើម្បីឲ្យគេបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្រ្តី។ សម្រាប់សេនារីយោនេះ គេពិបាកមើលឃើញបក្សនយោបាយផ្សេង អាចជាប់ឆ្នោតជានាយករដ្ឋមន្រ្តីជំនួសបក្សភឿថៃណាស់។
មូលហេតុបក្សភឿថៃ នៅក្នុងសភា បើខ្ញុំមិនច្រឡំទេ មានអសនៈរហូតដល់ ១៤២សំឡេង ហើយបក្សនេះមានបេក្ខភាពនាយករដ្ឋមន្រ្តីម្នាក់ទៀតគឺលោក ឆៃខាសេម ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាមនុស្សជំនិតរបស់លោក ថាក់ ស៊ីន។
ដោយឡែកបក្សភូមិចៃថៃរបស់លោក អានុទីន អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានតែ៧១សំឡេង ចឹងត្រូវការសំឡេងច្រើនណាស់ ដើម្បីបាន ៥០ បូក ១ ទើបអាចបង្កើតរដ្ឋាភិបាលបាន។ តើបក្សភូមិចៃថៃ សុំសហការជាមួយបក្សប្រជាជនថៃ ដែលជាក្រុមយុវជន? គឺមិនអាចទៅរួចនោះទេ ដោយសារថា មេបក្សភឿថៃ ជាមនុស្សរបស់វាំង តែប្រធានបក្សយុវជនជាបុគ្គលដែលចង់បន្ថយអំណាចវាំង។

ហើយនៅថ្ងៃនេះប្រធានបក្សប្រជាជន បានចេញមកបញ្ជាក់ថា លោកចង់បានតែមួយគត់គឺរំលាយសភា ហើយបោះឆ្នោតឡើងវិញ ដែលលោកមើលឃើញថា នៅដំណាក់កាលនេះ មានតែបក្សលោកទេ ដែលអាចទទួលបានសំឡេងគាំទ្រយ៉ាងភ្លុកទឹកភ្លុកដី ខណៈបក្សភឿថៃ ជាពិសេសលោកស្រី ផែថង ថាន បានធ្លាក់ប្រជាប្រិយភាពយ៉ាងខ្លាំង ចាប់តាំងពីការបែកធ្លាយសំឡេងសន្ទនាជាមួយសម្តេចតេជោ ហ៊ុន សែន។

ដោយឡែកបក្សរួបរួមជាតិថៃ ដែលមានលោក ប្រាយុទ្ធ ចាន់អូរចា អតីតនាយករដ្ឋមន្រ្តីថៃ និងបច្ចុប្បន្នជាឧត្តមព្រះមហាក្សត្រ ក៏មិនអាចរកសំឡេងបានគ្រប់ដើម្បីបង្កើតរដ្ឋាភិបាលដែរ ខណៈបក្សខ្លួនមានតែ៣៦អសនៈ ពោលមានតែនៅអមជាមួយបក្សភឿថៃ ប៉ុណ្ណោះ។ ម្យ៉ាងបក្សនេះដែលស្និតជាមួយវាំង មានតែនៅជួយរុញបក្សភឿថៃ បង្កើតរដ្ឋាភិបាល ដើម្បីទប់ជាមួយបក្សប្រជាជនថៃរបស់ក្រុមយុវជន ទើបអាចរក្សាអំណាចវាំង និងទាហានបាន។
តាមការវាយតម្លៃរបស់ខ្ញុំ បក្សភឿថៃ នៅតែបន្តដឹកនាំរដ្ឋាភិបាលដដែល រហូតចប់អាណ្តិត២ឆ្នាំទៀត ដូច្នេះបញ្ហាជាមួយកម្ពុជា និងជាពិសេសរឿងព្រំដែននៅតែបន្តឡើងកម្តៅដដែល។ តែយ៉ាងណាក្រែងមើលមានសេនារីយោអ្វីថ្មីទៀត អាចកើតមានឡើងនៅថៃ គឺយើងមានតែរង់ចាំមើលប៉ុណ្ណោះ។ ខ្លឹមសារទាំងស្រុង ដកស្រង់ចេញពី ៖ ស៊ន សុភក្រ្ត-Sorn Sopheak