ភ្នំពេញៈ ឆ្លើយតបទៅនឹងការព្រមានរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្រីស្រស់ រតនៈ ពិសី បានឲ្យដឹងថា ខ្លួនពិតជាទទួលស្គាល់នូវការពិន័យរបស់ក្រសួងមួយនេះពិតមែន ប៉ុន្តែមិនមែនមានន័យថា ខ្លួនត្រូវដកខ្លួនចាកឆ្ងាយពីវិស័យសិល្បៈនោះទេ ពោលគឺនៅតែសម្ដែង និងចេញមុខនៅតាមទូរទស្សន៍ និងបទចម្រៀងដូចមុនដដែល ប៉ុន្តែគ្រាន់តែមិនសូវស្លៀកពាក់លេចលើលេចក្រោមខ្លាំងដូចមុន។

រតនៈ ពិសី បានបញ្ជាក់ថា «ខ្ញុំមិនគ្មានការអន់ចិត្តជាមួយនឹងក្រសួងអ្វីនោះទេ ផ្ទុយទៅវិញខ្ញុំនឹងកាត់បន្ថយការស្លៀកសិចស៊ីពេលឡើងឆាក ប៉ុស្តិ៍ទូរទស្សន៍ ឬការប្រគំតន្រ្ដីជាដើម ប៉ុន្តែចំពោះការបង្ហោះរូបសិចស៊ី នៅតាមបណ្ដាញអ៊ីនធឺណេតនោះ គឺជារឿងធម្មតាទៅហើយសម្រាប់រូបខ្ញុំ»។

ពិសី បន្តទៀតថា «តាមពិតចំពោះការស្លៀកសិចស៊ីរបស់ខ្ញុំ មិនសូវជាលើសលោះ ឬហួសហេតុអ្វីពេកនោះទេ ហើយមហាជន ឬហ្វេនៗ ក៏មិនមានប្រតិកម្មអ្វីនោះដែរ។ ចំណែកឯក្រសួងក៏មិនតាមដានពីសកម្មភាពរបស់យើងគ្រប់ពេលនោះដែរ។ ប៉ុន្តែដូចបានដឹងស្រាប់ហើយថា ទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរ គឺសុភាពរមទម្យ និងទន់ភ្លន់ មិនសូវបញ្ចេញលើក្រោម ដាក់ក្រសែភ្នែកបុរសៗនោះទេ ដែលមានន័យថា មិនឲ្យតម្លៃលើស្រី្ដខ្មែរ»។

ជាមួយគ្នានេះ មានប្រភពអ្នកនៅក្នុងចង្គោមសិល្បៈ បានទម្លាយពីមាត់មួយទៅមាត់មួយថា មូលហេតុដែលធ្វើឲ្យក្រសួងចេញលិខិតព្រមាននេះ គឺបណ្ដាលមកពីមានអ្នកនៅក្នុងចង្គោមសិល្បៈមួយចំនួន បានផ្ញើលិខិតស្នើសុំទៅកាន់ក្រសួង ដើម្បីឲ្យចាត់វិធានការ ឬចេញលិខិតព្រមាន ដល់តារាសិចស៊ីទាំងនោះ ក្នុងនោះក៏មានកញ្ញា រតនៈ ពិសី ម្នាក់ផងដែរ។ ហើយប្រភពដដែលបានបន្តថា ក្រសួងមិនបានតាមដានពីសកម្មភាពរបស់អ្នកសិល្បៈនោះទេ ជាពិសេសចំពោះសកម្មភាពមនុស្សធម៌នៅក្នុងសង្គមផ្សេងៗ ពោលគឺចាំតែអង្គុយរិះគន់ដល់អ្នកសិល្បៈរូបណា ដែលស្លៀកសិចស៊ីលេចលើលេចក្រោម ឬមើលឃើញតែមួយជ្រុងប៉ុណ្ណោះ។

សូមជម្រាបថា ក្រៅពីតារាចម្រៀង រតនៈ ពិសី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានចេញសេចក្ដីប្រកាសព្រមាន ដល់តារាខ្មែរ៣ ដួងទៀត ក្នុងនោះមានកញ្ញា ពេជ្រ អាវីហ្ស, លោក អេនឌី និងអ្នកនាង សុខ ស្រីម៉ុច ក្រោមហេតុផលថា ជាតារាធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ៕



























