ភ្នំពេញ ៖ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៩និង៣០នាទីព្រឹក នារីម្នាក់ត្រូវបានសន្តិសុខដាល់មួយដៃចំភ្នែក បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ នៅចំណុចហាងបាយមួយកន្លែង យីហោ តេប៉ាក់ តាមផ្លូវ៤៣២ កែងផ្លូវ១៨៧ ម្តុំខាងក្រោយមន្ទីរពេទ្យរុស្ស៊ី ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។ មូលហេតុគឺបណ្តាលមកពី រឿងដាក់កង់ខុសកន្លែង (មិនត្រង់តាមជួរ) ហើយបុរសជាសន្តិសុខនោះទប់កំហឹងមិនបានក៏ស្ទុះទៅដាល់មួយដៃចំភ្នែកតែម្តង។

នារីរងគ្រោះដែលត្រូវសន្តិចិត្តឆៅដាល់នោះ មានឈ្មោះថា ធ.ស.ព អាយុ២២ឆ្នាំ មុខរបរជាអ្នកអនាម័យ បម្រើការងារនៅហាងបាយមួយកន្លែង ។ ចំណែក ជនដៃដល់មានឈ្មោះរម្យ សារុន អាយុ២៧ឆ្នាំ ជាសន្តិសុខឯកជនរបស់ក្រុមហ៊ុន CPS និងយាមប្រចាំការនៅកន្លែងកើតហេតុខាងលើ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នារីរងគ្រោះខាងលើ បានជិះកង់របស់នាង ទៅចតនៅមាត់ទ្វាររោងបាយខាងក្រោយ ដោយខុសកន្លែង។ ក្រោយពីបានឃើញដូចនោះហើយ សន្តិសុខដៃដល់រូបនោះ ក៏បានដើរទៅប្រាប់នារីរងគ្រោះ ឲ្យយកកង់ទៅទុកខាងមុខវិញ តែនារីរងគ្រោះមិនព្រមធ្វើតាម ទើបធ្វើឱ្យកើតជាទំនាស់ពាក្យសម្តីនឹងគ្នាមួយប៉្រាវ រហូតឈានដល់បុរសជាសន្តិសុខទប់កំហឹងមិនបាន ក៏ដាល់នារីរងគ្រោះ១ដៃ ត្រូវចំភ្នែកបណ្តាលឱ្យរងរបួសបែកភ្នែកតែម្តង។

បច្ចុប្បន្នសន្តិសុខរូបនោះ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន យកទៅអធិការ ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់៕


ដោយៈភារ៉ា