មានករណីបាញ់បោះទៀតហើយ! ក្រុមចោរកាច់កម៉ូតូបានសម្រេច តែម្ចាស់ដើររកឃើញជនសង្ស័យជិះនៅម្ដុំផ្សារសាំហាន់រួចស្រែកថាចោរៗធ្វើឲ្យក្រុមចោរភ័យដកកាំភ្លើងបាញ់២គ្រាប់​ រត់គេចខ្លួនបាត់
-

ភ្នំពេញ៖ ក្រុមជនសង្ស័យ២នាក់ បានដកកាំភ្លើងខ្លីបាញ់ចំនួន២គ្រាប់ ដើម្បីគំរាមម្ចាស់ម៉ូតូ ដែលពួកគេលួចកាច់កបានសម្រេចនៅម្ដុំផ្លូវ៥៩៨ តែមិនបណ្ដាលប្រជាពលរដ្ឋណាម្នាក់នោះរងរបួសនោះទេ។


ហេតុការណ៍នេះដែរ បានបង្កការភ្ញាក់ផ្អើមកាលពីវេលាម៉ោង១១ និង២០នាទីព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅម្ដុំផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។


ជនរងគ្រោះមានឈ្មោះ​ គង់​ គីម​ ភេទប្រុស​ អាយុ​២៩ឆ្នាំ​ មុខរបរ​មន្ត្រីរាជការ​ ស្នាក់នៅភូមិពោងពាយ សង្កាត់ទួលសង្កែ២​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​។


យោងតាមសម្ដីជនរងគ្រោះបានប្រាប់ឲ្យដឹងថា​ មុនពេលកើតហេតុ​ គាត់បានទុកម៉ូតូនៅខាងក្រោយកន្លែងប្តូរលុយ​ Wing ជិតស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣​ តាមបណ្តោយផ្លូវលេខ៥៩៨ ខណៈនោះ​ស្រាប់តែមានជនសង្ស័យចំនួន​២នាក់​ បានជិះម៉ូតូ​មួយគ្រឿង​ មិនចាំម៉ាក​ បានមកធ្វើសកម្មភាពកាច់សោ-កម៉ូតូ​របស់គាត់ម៉ាក​ ហុងដាឌ្រីមសង់​ សេ១២៥​ ស៊េរីឆ្នាំ២០១២​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1BX-1073 បានសម្រេច ។ ភ្លាមៗគាត់បានជិះដើររកម៉ូតូរបស់ខ្លួន ស្រាប់តែប្រទះឃើញម៉ូតូរបស់ខ្លួន​នៅជាមួយជនសង្ស័យជិតការ៉ាស់សាំង​ PTT ផ្លូវលេខ១០៧​ ភូមិទួលសំពៅ​ សង្កាត់ទួលសង្កែ២​ រួចគាត់បានដើរទៅជិត​ និងស្រែកថាចោរៗ​ ពេលនោះជនសង្ស័យបានដឹងខ្លួន និងភ័យពេក ក៏បាមដកកាំភ្លើងខ្លីចេញពីចង្កេះបាញ់មករកជនរងគ្រោះ មួយគ្រាប់ តែសំណាងល្អមិនត្រូវជនរងគ្រោះ រួចក្រុមជនសង្ស័យ បានរត់ឡើងលើម៉ូតូរបស់ពួកគេម្នាក់ទៀត ហើយបានបាញ់មួយគ្រាប់ទៀត ក៏ជិះរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកម៉ូតូជនរងគ្រោះ​ ដែលខំកាច់បាន និងសំបកគ្រាប់ចំនួន​២គ្រាប់នៅនឹងកន្លែងកើតហេតុ។


បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងករណីផ្ទុះអាវុធចំនួន២គ្រាប់ខាងលើនេះ គឺមិនបណ្ដាលឲ្យមានប្រជាពលរដ្ឋណាម្នាក់រងបួសនោះទេ ។ ក្រោយមកកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ បានត្រឹមរើសយកសំបកផ្ទុះ យកទៅស្រាវជ្រាវរកមុខសញ្ញាក្រុមជនសង្ស័យដើម្បីចាប់មកផ្ដន្តាទោសតាមច្បាប់ ៕


ដោយ៖ ភារ៉ា