ព្រៃវែងៈ លោកសសុខាប្រធានគណៈកម្មាធិការផលិតទូក.ងវែងជាងគេលើពិភពលោក កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ បានបញ្ជាក់ថា កម្មវិធីផលិតទូកងវែងជាងគេលើពិភពលោក ដែលធ្វើពីឈើគគីរនៅខេត្តព្រៃវែង បានឈានដល់ទីបញ្ចប់ ដោយទូកកំពុងស្ថិតនៅក្នុងដំណាក់កាលអុំសាកល្បង តុបតែងនិងបាញ់ពណ៌មុននឹងដាក់ជូនក្រុមការងារ GuinnessWorldRecords ពិនិត្យនិងវាយតំលៃនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះហើយ។

លោកស សុខា ក្នុងនាមគណៈកម្មការផលិតទូកង ដើម្បីត្រៀមបំបែកឯតទគ្គកម្មពិភពលោក សូមបញ្ជាក់ថា សូមពុកម៉ែ បងប្អូនយុវជនយុវនារី ត្រៀមចូលរួមគាំទ្រ និងអបអរសាទរកម្មវិធីបំបែកឯតទគ្គកម្មពិភពលោក នៃទូក.ងវែងជាងគេលើពិភពលោក របស់ខ្មែរយើងទាំងអស់គ្នានាពេលឆាប់ៗខាងមុខនេះកុំបីខានឡើយ។

គួរបញ្ជាក់ផងដែរថា ទូកងដែលមានប្រវែងវែងជាងគេនៅលើពិភពលោក ផលិតឡើងបានបញ្ចប់ជាស្ថាពរដោយស្នាដៃកូនខ្មែរ នៅខេត្តព្រៃវែង ដែលបានចាប់ផ្ដើមធ្វើពិធីក្រុងពាលី តាមបែបប្រពៃណីសាសនា ចាប់តាំងពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨មកម្លេះ នៅតំបន់ចុងប៉មខាងមុខសាលាខេត្តព្រៃវែង ក្រោមការដឹកនាំដោយលោកស សុខា ជាប្រធានគណៈកម្មការផលិតទូក.ង ដែលមានប្រវែងវែងជាងគេលើពិភពលោក។

ក្រោមការចង្អុលបង្ហាញ ពីសំណាក់លោកស សុខា ក៏ដូជាគណៈកម្មាធិការផលិតទូកង និងក្រុមកងារពាក់ពន្ធ័រួម ទូកងដែលមានប្រវែងវែងជាងគេលើពិភពលោក ត្រូវបានប្រសិទ្ធិនាមថា កម្ពោ.ជិក.បុត្តា.ខេមរា.តរី ដែលមានន័យថា ទូកងរបស់កូនខ្មែររស់នៅក្នុងដែនដីកម្ពុជា។

គោលបំណងសំខាន់ៗនៃការផលិតទូកងដែលវែងជាងគេនេះ គឺចង់រំលឹកឡើងវិញនូវប្រវត្តិដ៏យូរលង់ នៃការផលិតនិងការប្រើប្រាស់ទូករបស់ខ្មែរ តាំងពីសម័យបុរាណ ជាពិសេសរំលឹកឡើងវិញ នូវស្នាព្រះហស្តរបស់ព្រះមហាក្សត្រខ្មែរ គ្រប់ជំនាន់ក្នុងការប្រើប្រាស់ទូកជាមធ្យោបាយមួយ ក្នុងការការពារទឹកដី ជួយលើកតម្កើងកិត្យានុភាពជាតិ ដោយបង្ហាញពិភពលោកទាំងមូលឱ្យបានដឹងកាន់តែច្បាស់ថា កម្ពុជាអាចបង្កើតស្នាដៃដ៏អស្ចារ្យមួយជំរុញស្មារតីស្នេហាជាតិ និងសាមគ្គីភាពនៃយុវជនជាកូនចៅជំនាន់ក្រោយក្នុងការថែរក្សា និងអភិរក្សកេរដំណែលពីដូនតា ដើម្បីបង្ហាញឱ្យពិភពលោកឃើញថា ខ្មែរយើងខ្លាំងអាចផលិតបានអ្វីដែលអស្ចារ្យជាងគេលើពិភពលោក ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងចេះសាមគ្គីគ្នា រួបរួមគ្នា ជាធ្លុងមួយតាមរយៈការកសាងទូក.ង វែងជាងគេ ចាប់ផ្តើមតាំងពីឈើមួយដើម រហូតដល់ចេញជារូបរាងទូក ឡើងដោយការនាំគ្នាចាំងឈើបន្តិចម្តងៗ ដើម្បីបណ្តុះឆន្ទៈកូនខ្មែរយើងឱ្យនាំគ្នាបង្កើតនូវអ្វីដែលអស្ចារ្យ សម្រាប់ខ្មែរលើឆាកអន្តរជាតិ ៕
