ភ្នំពេញៈ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នេះនៅក្នុងភូមិព្រៃល្ង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ ដោយស្រ្ដីម្នាក់ មានអាយុប្រហែលជាង២០ឆ្នាំ ហើយមិនដឹងថា ស្នាក់នៅទីណាពិតប្រាកដនោះទេ បានធ្វើឲ្យប៉ូលីស និងអ្នកកាសែតឈឺក្បាលវិលមុខ ដោយសាររូបនាងនិយាយភូតត្រឡប់ត្រឡិន ម្ដងប្រាប់ថាស្នាក់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ លុះពេលនគរបាលបើករថយន្តជូនទៅរកផ្ទះ ស្រាប់តែនាងប្រែក្រឡះថាអត់ស្គាល់ទៅវិញ ទើបនគរបាលដឹកត្រឡប់ទៅប៉ុស្តិ៍វិញ និងហៅឲ្យខាងមន្ត្រីមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ នាំយកទៅថែរក្សា។

នៅមុនពេលកើតហេតុ ស្ត្រីរូបនោះបានដើរម្នាក់ឯង ខណៈនោះមេឃមិនទាន់ភ្លឺច្បាស់នៅឡើយ។ ពេលនោះ កម្លាំងប្រជាការពារភូមិបានឃាត់សួរនាំ ហើយសួរដប់ម៉ាត់នាងឆ្លើយបានមួយម៉ាត់ៗប៉ុណ្ណោះ នាងបានប្រាប់ថាត្រូវយុវជនម្នាក់ឈ្មោះ ហៃ ត្រូវជាគូដណ្ដឹង រួមជាមួយមិត្តភក្ដិ ៩នាក់ទៀត នាំទៅផឹកស៊ីកន្លែងលក់ទឹកត្នោតជូរ នៅម្ដុំភូមិទួលពង្រ។

បន្ទាប់មក គូដណ្ដឹងរួមជាមួយបក្ខពួក៤នាក់ទៀត បាននាំនាងយកទៅរំលោភបូក ហើយម្ដងទៀតនិយាយថា នាងមានប្ដីនិងកូនប្រុសម្នាក់ ចុះឡើងៗបែរជាចង្អុលនគរបាល និងអ្នកកាសែតថាជាអ្នករំលោភ ហើយក្រោយពីនាងនិយាយបែបនេះហើយ ប្រជាការពារបាននាំទៅប្រគល់ជូននគរបាលប៉ុស្តិ៍ចោមចៅ២ ដើម្បីធ្វើការសួរនាំបន្ត។ ប៉ុន្តែក្រោយពេលនគរបាលសួរនាំ និងស្រាវជ្រាវ ទើបសង្ស័យថានាងជាមនុស្សមានសតិមិនប្រក្រតី ហើយអ្វីដែលនាងនិយាយមិនអាចយកជាការបានឡើយ ៕
