ភ្នំពេញៈ កាលពីវេលាម៉ោង៣ៈ៣០នាទីរសៀល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចទីតាំងល្បែងជល់មាន តាមអនឡាញ ១កន្លែង ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។ ដោយទ្រាំនិងលោកប្ដីមិនទៀត ស្ត្រីមួយក្រុម បានលើកគ្នាទៅប្តឹងលោកចៅសង្កាត់ និងសមត្ថកិច្ចមូលដ្ឋាន ឱ្យជួយចុះពិនិត្យមើលកន្លែងភ្នាល់ល្បែងស៊ីសង (ជល់មាន់) តាមអនឡាញ១កន្លែង ដែលបានពង្វក់ប្តីរបស់ពួកគាត់ ជក់ជល់មាន់តាមអនឡាញ ចាញ់អស់គូទខោ មិនដែលសល់លុយកាក់ចិញ្ចឹម ប្រពន្ធកូនសោះ លុះកម្លាំងអាវុធហត្ថចុះប្រតិបត្តិការបង្ក្រាប ក៏ឈានដល់ការចាប់ខ្លួនក្រុមញៀនល្បែងជល់មាន់តាមអនឡាញ ចំនួន២៤នាក់។

ប្រភពបានឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាប គឺមានពលរដ្ឋសុទ្ធតែជាស្ត្រី បានទៅប្តឹងលោកចៅសង្កាត់ឱ្យជួយចុះពិនិត្យមើល ទីតាំងខាងលើនេះផង ព្រោះប្តីរបស់ពួកគេតែងនាំគ្នាទៅលេងល្បែងមាន់នោះគ្មានសល់លុយកាក់អ្វីឡើយ ហើយទៅលេងគ្មានគិតគូរកស៊ីអ្វី ដើម្បីរកប្រាក់មកចិញ្ចឹមកូនប្រពន្ធទេ។ មនុស្សទាំង២៤នាក់ដែលត្រូវឃាត់ខ្លួនសុទ្ធសឹងជាមនុស្សប្រុស ហើយក្នុងនោះមានម្នាក់ជាម្ចាស់ទីតាំង។ ក្នុងការចុះបង្ក្រាបនេះកម្លាំងកងរាជអាវុធហត្ថបានដកហូតបានទូរស័ព្ទសម្រាប់បញ្ចាំងភ្នាល់ចំនួន២គ្រឿង រួមជាមួយម៉ូតូ៨គ្រឿងផងដែរ

ក្រុមញៀនល្បែងជល់មាន់តាមអនឡាញទាំង២៤នាក់ ដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ ព្រោះក្រោយការឃាត់ខ្លួនភ្លាមៗ ពួកគេទាំង២៤នាក់ ត្រូវបានបញ្ចូនខ្លួនទៅកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខណ្ឌមានជ័យ ដើម្បីសាកសួរនាំ ៕





