សូមប្រយ័ត្ន អាការៈទាំង៨ចំណុច មានន័យថាតម្រងនោមកំពុងតែស្ថិតក្នុងសភាពគ្រោះថ្នាក់ហើយ៖
តម្រងនោមមនុស្សយើងស្ថិតនៅផ្នែកខាងក្រោមឆ្អឹងជំនីទាំងសងខាង និងនៅខាងក្រោយ។ ការងាររបស់សរីរាង្គដ៏សំខាន់នេះគឺ ច្រោះជាតិពុលពីក្នុងខ្លួនដើម្បីបញ្ចេញចោលតាមទឹកនោម និងលាមក។
វាក៏មាននាទីច្រោះជាតិពុលតាមរយៈការលាងឈាមរាល់ថ្ងៃ ដើម្បីរក្សាសម្ពាធឈាមឲ្យមានលំនឹង ផ្គត់ផ្គង់អុកស៊ីសែនគ្រប់គ្រាន់ អេឡិចត្រូលីត្រមានតុល្យភាព និងឆ្អឹងរឹងមាំ។ ដូច្នេះបើសិនជាតម្រងនោមស្ថិតក្នុងសភាពគ្រោះថ្នាក់ រាងកាយនឹងបង្ហាញជាអាការៈដូចខាងក្រោមនេះឲ្យអ្នកដឹងជាមិនខាន។
១.ហើមតាមផ្នែកផ្សេងៗនៃរាងកាយ
រឿងដែលអាចដឹងលឿនបំផុតថាតម្រងនោមខ្សោយ គឺនៅពេលអ្នកនោម ឬបែកញើសតិច។ ការដែលហើមក្នុងសន្លាក់ ដៃជើង និងមុខ សុទ្ធតែជាអាការៈបញ្ជាក់ថា តម្រងនោមមានបញ្ហាហើយ។
២.ទឹកនោមប្រែប្រួល
ការដែលនោមមានសម្ពាធ ឬពិបាកនោម គឺជាអាការៈមួយដ៏សំខាន់។ លើសពីនេះទៅទៀត បើសិនជាអ្នកនោមតិចជាងធម្មតា និងនោមមកមានពណ៌ចាស់ខ្លាំង ឬនោមច្រើនពេក និងទឹកនោមប្រែពណ៌ស្លេកស្លាំង វាក៏ជាសញ្ញាបញ្ជាក់ថាមានបញ្ហាក្នុងតម្រងនោមដែរ។
៣.ស្បែកឡើងរមាស់
នៅពេលមានអ្វីមួយប្រែប្រួលរហូតដល់ស្បែកមានប្រតិកម្មរមាស់ខុសពីធម្មតា វាច្រើនតែជាសញ្ញាមួយបញ្ជាក់ថា តម្រងនោមកំពុងតែធ្វើការមិនបានល្អទេ។ បញ្ហាបស្បែកនេះអាចមានលក្ខណៈ រមាស់ខ្លាំង កន្ទួល ស្ងួត និងរលាកជាដើម។
៤.ងាយនឹងអស់កម្លាំង
តម្រងនោមដែលមានសុខភាពល្អគឺផលិតអ័រម៉ូន EPO (Erythropoietin) សម្រាប់បង្កើតគ្រាប់ឈាមក្រហមដើម្បីដឹកនោមអុកស៊ីសែន។ បើសិនជា គ្រាប់ឈាមក្រហមចុះទាប អ្នកនឹងមានអារម្មណ៍ថាងាយនឹងអស់កម្លាំងណាស់ ហើយវាក៏ប៉ះពាល់ដល់មុខងារសាច់ដុំ និងខួរក្បាលផងដែរ។
៥.ពិបាកដកដង្ហើម
អាការៈមួយដ៏ចំបងនៃបញ្ហាតម្រងនោមគឺនៅពេលដែលរាងកាយមិនសូវមានអុកស៊ីសែនដោយសារតែគ្រាប់ឈាមក្រហមចុះទាប ដូច្នេះវានឹងបង្កើនជាតិពុលកាន់តែច្រើនក្នុងសួត រហូតដល់ពិបាកដកដង្ហើម។
៦.ក្នុងមាត់មានរសជាតិដូចដែកៗ
កាលណាកាកសំណល់ក្នុងខ្លួនកើនឡើងកាន់តែច្រើន ក៏អាចធ្វើឲ្យប្រែប្រួលដល់របៀបដែលមាត់ស្រង់រសជាតិអាហារដែរ ជាពិសេសរសជាតិដូចដែក ហើយក៏បង្កក្លិនមាត់អាក្រក់ថែមទៀត។
៧.ឈឺចាប់
ការឈឺចាប់នៅខ្នងម្តុំខាងលើច្រើនតែទាក់ទងនឹងបញ្ហាតម្រងនោម។ វាក៏ជាអាការៈមួយនៃការបង្ករោគ ឬគ្រួសក្នុងតម្រងនោមដែរ។
៨.វិលមុខ
ការដែលមានចំនួនអុកស៊ីសែនតិចក្នុងខ្លួន គឺជាសញ្ញាមួយនៃជំងឺកង្វះគ្រាប់ឈាម និងខ្សោយតម្រងនោម។ ប៉ុន្តែវាក៏កាត់បន្ថយសមត្ថភាពក្នុងការផ្ចង់អារម្មណ៍ដែរ ដោយសារតែអុកស៊ីសែនទៅខួរក្បាលមិនបានគ្រប់គ្រាន់។ ដូច្នេះអ្នកនឹងមានអាការៈវិលមុខខ្លាំង ជាមួយនឹងការចងចាំមិនបានល្អទៀត។
ប្រភពអត្ថបទ៖ អ៊ាង សុផល្លែត