អតីតចៅសង្កាត់អូរចារកញ្ញារូបស្រស់ រ៉ូហ្សេត បានសរសេរសាររៀបរាប់រឿងក្នុងចិត្តដោយដាក់ចំណងជើងថា៖ «សេចក្តីសុខរបស់ខ្ញុំ..!» ។
កញ្ញា រ៉ូហ្សេត រៀបរាប់ថា៖ «សេចក្តីសុខរបស់ខ្ញុំស្ថិតលើអ្វី? សំណេរមួយនេះនឹងបង្ហាញ។

តាំងពីកើតតូចក្រូចឆ្មារមក ខ្ញុំជួបតែសេចក្តីលំបាកព្រោះគឺជាកូនអ្នកក្រ រស់ខ្វះព្រឹក ខ្វះល្ងាច ទើបធ្វើឲ្យខ្ញុំមានចិត្តដូចគ្នាទៅនឹងអ្នកក្រ។
ខ្ញុំធ្លាប់សន្យាខ្លួនខ្ញុំថា បើខ្ញុំមានឱកាស ខ្ញុំនឹងជួយអ្នកក្រឲ្យបានច្រើនបំផុតទៅតាមលទ្ធភាពដែលខ្ញុំអាចធ្វើទៅបាន។ ខ្ញុំយល់ថា មានការងារសង្គម និងនយោបាយតែមួយគត់ដែលធ្វើឲ្យខ្ញុំសម្រេចសុបិនមួយនេះបាន ដូចសុភាសិតមួយពោលថា ៖ជាវេជ្ជបណ្ឌិតល្អម្នាក់អាចជួយមនុស្សបានរាប់ពាន់នាក់ តែបើជាអ្នកនយោបាយល្អម្នាក់វិញ នឹងជួយមនុស្សបានរាប់លាននាក់ឯណោះ។

ថ្វីត្បិតខ្ញុំឥឡូវគឺជាអ្នកប្រកបរបរអាជីវកម្ម មានលទ្ធភាពរកប្រាក់ចំណូលចាយវាយបាន តែតាមពិតវាមិនមែនជាអ្វីដែលធ្វើឲ្យខ្ញុំមានសេចក្តីសុខឡើយ ដូចខ្ញុំបានបញ្ជាក់ពីខាងលើ ខ្ញុំគឺជាកូនអ្នកក្រ ធ្វើឲ្យខ្ញុំមានចិត្តអាណិតអ្នកក្រដូចគ្នា ខ្ញុំមានក្តីប្រាថ្នាចង់ឲ្យពួកគេបានប្រសើឡើង ដូច្នេះ មានតែការជួយអ្នកក្រប៉ុណ្ណោះទើបជាសេចក្តីសុខរបស់ខ្ញុំ ហើយទោះជាខ្ញុំធូរធារជាងនេះ ក៏ខ្ញុំមិនភ្លេចជាតិជាអ្នកក្រដែរ អ្នកក្រត្រូវតែយល់ពីអ្នកក្រដូចគ្នា។
រូបភាពមួយនេះ បង្ហាញពីសេចក្តីសុខរបស់ខ្ញុំដែលបានចុះតាមវាលស្រែជួបពួកគេ៕»
