កក្រើក​ស្រុកខ្មែរទៀតហើយ!!! កូនចៅ​ផ្ទុះ​ប្រតិកម្ម មេ​ប៉ូលិស​ខណ្ឌមានជ័យ​ កាង​បទល្មើស​និង​ដោះលែង​ជនល្មើស​គ្រឿងញៀន ជា​ថ្នូរ​និង​ប្រាក់....នៅ​ភ្នំពេញ
-

ភ្នំពេញៈ លោក កែវ រដ្ឋ​វិទ្យា ដែលជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Vit Yea បាន​សរសេរ​នៅ​យប់​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញ​មុខមក​បដិសេធ និង​ហែកកេរ្តិ៍​រឿងរ៉ាវ​ស្អុយរលួយ​នៅក្នុង​ជួរ​កងកម្លាំង​នគរបាល​ខណ្ឌមានជ័យ ដោយមាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា “ខ្ញុំ​សូម​បដិសេធ​ទាំងស្រុង ដែល​លោក​អធិការ តេង ស៊ី​ណូ ដែល​គាត់​ថា ខ្ញុំ​ផ្ទុះអាវុធ ដោយសារ​ស្រវឹង”។ លោក កែវ រដ្ឋ​វិទ្យា ជា​ប៉ូលិស​មួយរូប ក្នុង​ខណ្ឌមានជ័យ ស្នើសុំ​ឲ្យ​ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ ចាត់ការ​លើ​លោក តេង ស៊ី​ណូ អធិការនគរបាល​ខ​ណ្ឌ​មានជ័យ ដែល​កាង​បទល្មើស​គ្រឿងញៀន និង​ដោះលែង​ជនល្មើស​គ្រឿងញៀន ជា​ថ្នូរ​នឹង​ប្រាក់​មួយចំនួន។ ទោះជា​យ៉ាងណា លោក​អធិការ បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ។

លោក​បន្តថា “ខ្ញុំ​សូមបញ្ជាក់ថា គោលដៅ​នេះ ជា​តំបន់​សំណង់​មិន​រៀបរយ សំបូរ​ទៅដោយ​បទល្មើស​គ្រឿង​គ្រឿងញៀន និង​កន្លែង​បើក​ល្បែងស៊ីសង​ខុសច្បាប់ ជាពិសេស​ហ្គេម​បាញ់​ត្រី ។ មូលហេតុ​គឺ ខ្ញុំ​ទទួល​ព័ត៌មាន​ថា មានការ​ជួញដូរ​គ្រឿង​ញៀន​នៅ​ទីនោះ ទើប​ខ្ញុំ​ចុះទៅ​ម្នាក់ឯង ឃើញជាក់ស្តែង​ក៏បាន​ផ្ទុះអាវុធ​ពិតប្រាកដ​មែន ព្រោះតែ​យប់​ងងឹត និង​ភូមិសាស្ត្រ​ស្មុគស្មាញ តែ​សំណាងអាក្រក់​អី ខ្ញុំ​ត្រូវបាន​អធិការ​រូបនេះ ហៅ​មក​សួរចម្លើយ ដោយ​ចោទថា ខ្ញុំ​ទៅ​ផ្ទុះអាវុធ​ដោយ​គ្មាន​បទបញ្ជា​ទៅវិញ ហើយ​ត្រូវ​គាត់​ស្តីបន្ទោស​យ៉ាងខ្លាំង”។

លោក កែវ រដ្ឋ​វិទ្យា បញ្ជាក់ថា “ធាតុពិត គឺ​កន្លែង​ដែល​ខ្ញុំ​ផ្ទុះអាវុធ​នោះ គឺ​មិន​ត្រឹមតែ​ជា​តំបន់​គ្រឿងញៀន​ទេ វា​មាន​ទីតាំង​ហ្គេម​បាញ់​ត្រី ជាទី​តាំង​ដែល​ផ្តល់​ផលប្រយោជន៍​ឲ្យ​មេ​ប៉ុស្តិ៍ និង​អធិការ ទើប​ខ្ញុំ​ត្រូវគេ​ស្តីបន្ទោស​យ៉ាង​ចាស់ដៃ​បែបនេះ និង​ត្រូវបាន​គាត់​គំរាមថា ចង់​សុខ ឬ​ចង់​មានរឿង ព្រមទាំង​ឲ្យ​ខ្ញុំ​លុប​ថា មិនមាន​បទល្មើស​គ្រឿងញៀន​នៅ​តំបន់​នោះទេ និង​ត្រូវ​សរសេរ​សារ​សុំទោស​ជា​សាធារណៈ​វិញ​ថា មិនមាន​បទល្មើស​គ្រឿងញៀន​ទេ វា​ជាការ​យល់ច្រឡំ​ទេ”។

“ខ្ញុំ​សូម​ឲ្យ​ថ្នាក់លើ​ក្រសួងមហាផ្ទៃ ក៏ដូចជា​អគ្គស្នងការ​នគរបាល​ជាតិ ជួយ​រក​យុត្តិធម៌​ដល់​រូបខ្ញុំ​ផង ហើយ​សូម​ឲ្យ​ថ្នាក់លើ ចុះ​ស៊ើបអង្កេត​ថា តើ​ម្តុំ​នឹង​ជា​តំបន់​អ្វី? មាន​អ្វីខ្លះ? ហើយសុខៗ ខ្ញុំ​ទៅ​កន្លែង​នឹងធ្វើ​អី បើ​គ្មាន​ព័ត៌មាន​ច្បាស់​នោះ។ គាត់​ថា ជា​រូប​ចាស់ គឺ​ពិតជា​រូប​ចាស់​មែន តែ​ខ្ញុំ​គ្រាន់តែ​ចង់បង្ហាញ​ពី​ស្នាដៃ ដែល​ខ្ញុំ​ខំប្រឹងប្រែង​បង្ក្រាប​បទល្មើស ក្នុងភូមិ​សាស្ត្រ​ខណ្ឌមានជ័យ កន្លងមក​តែប៉ុណ្ណោះ” លោក​បញ្ជាក់បន្ថែម។

ជាមួយគ្នា នាយប៉ូលិស​រូបនេះ ក៏​ហែកកេរ្តិ៍​ផងដែរ ចំពោះ​ការដោះលែង​ជនល្មើស​ជា​ថ្នូរ​នឹង​ប្រាក់​មួយចំនួន យ៉ាង​ដូច្នេះ​ថា “ប្រហែលជា១ខែ​មុន ថ្ងៃ​មិន​ចាំ រូបខ្ញុំ​ផ្ទាល់​បាន​កសាង​កម្លាំង​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​ចំណុច​មុខ​សា​លាម​តេ្ត​យ្យ ក្នុង​សង្កាត់​ស្ទឹងមានជ័យ២ ដោយបាន​ឃាត់ខ្លួន​មនុស្ស៥នាក់ ប្រុស៣ ស្រី២ ម៉ូតូ​ស្កុប​ពី ពណ៌​ស និង​ភស្តុតាង​ថ្នាំញៀន​ចំនួន៣ហ៊ុន យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ស្ទឹងមានជ័យ២ ហើយ​ត្រូវគេ​ដោះលែង​ដោយ​សម្ងាត់ ជា​ថ្នូរ​នឹង​ទឹកប្រាក់៤៥០ដុល្លារ ដោយ​រូបខ្ញុំ​ជា​អ្នក​បង្ក្រាប​មិន​បានដឹង​ទាល់តែសោះ”។

លោក​ថា “ទាល់តែ​ជិះ​ជួប​ពួក​ជនល្មើស​តាមផ្លូវ​វិញ ទើប​ដឹងថា គេ​លែង​បាត់។ ដោយ​ក្នុងនោះ ខ្ញុំ​ដឹងថា មេ​ប៉ុស្តិ៍​យកទៅ​ចែកគ្នា​ជាមួយ​អធិការ។ ករណីនេះ សូម​ថ្នាក់ដឹកនាំ​ទាំងអស់ ជួយ​ស៊ើបអង្កេត​ករណីនេះ​ផង”។ ឆ្លើយតប​ចំពោះ​ការ​បកអាក្រាត​ពី​រឿងអាស្រូវ​កាង​បទល្មើស និង​ដោះលែង​ជនល្មើស​គ្រឿងញៀន​ខាងលើនេះ លោក តេង ស៊ី​ណូ អធិការនគរបាល​ខ​ណ្ឌ​មានជ័យ បដិសេធ​ការចោទប្រកាន់​ទាំងស្រុង​តែម្ដង។

ទោះបីជា​យ៉ាងណាក្ដី គេ​កត់សម្គាល់​ឃើញថា គ្រប់​ទីតាំង​ល្បែង​ក្នុង​ខណ្ឌមានជ័យ ទាំង​ល្បែងស៊ីសង ហ្គេម​បាញ់​ត្រី ជិត១០ទីតាំង និង​ទីតាំង​គ្រឿងញៀន​ជាច្រើន​ទៀត ពុំមាន​អ្នកណា​ហ៊ាន​បង្ក្រាប​ឡើយ៕

ប្រភពៈ Vit Yea