កម្ពុជាគ្រោងប្រមូលពន្ធដារថ្មី ដោយធ្វើតាមប្រព័ន្ធអនឡាញ ដើម្បីជាប្រយោជន៍ដល់ការរីកចម្រើន នៃសង្គមជាតិ..
-

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងគិតគូរពីវិធីប្រមូលពន្ធ ពីការធ្វើប្រតិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីជាប្រយោជន៍ដល់ការរីកចម្រើន នៃសង្គមជាតិ។ ជាក់ស្តែងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផល នៃការសិក្សាស្តីអំពីសារពើពន្ធអេឡិចត្រូនិច (E-tax) ដោយផ្តោតការពិភាក្សាលើទិដ្ឋភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) ក្នុងបរិបទសេដ្ឋកិច្ចឌីជីថល នៅកម្ពុជា។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងទៀតថា «បច្ចុប្បន្នក្នុងប្រទេសកម្ពុជា និន្នាការសេដ្ឋកិច្ចឌីជីថលនេះ បានលេចរូបរាងជាបណ្តើរៗ និងបានបង្កើតបានជាសកម្មភាពធុរកិច្ចថ្មីៗ តាមប្រព័ន្ធអ៊ិន​ធឺណិត ស្របពេលដែលអតិថិជនកំពុង សម្របខ្លួនជាបណ្តើរៗក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យានានា។ ស្ថិតក្នុងបរិបទនេះ, កម្ពុជាមិនទាន់មានយន្តការជាក់លាក់ ក្នុងការប្រមូលចំណូលសារពើពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅឡើយ ហើយបញ្ហានេះកំពុងតែត្រូវបានគិតគូរ ទាំងក្នុងក្របខណ្ឌសាកលលោក និងតំបន់»។

តាមរយៈលទ្ធផលនៃការសិក្សាបឋម, កម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលដំបូង ឬដំណើរចាប់ផ្តើមនៃការរៀបចំខ្លួនចាប់យកឱកាសពីសេដ្ឋកិច្ចឌីជីថល ដែលនឹងតម្រូវឱ្យយើងត្រូវគិតគូរជាចម្បង នូវការជួយជំរុញសកម្មភាពពាណិជ្ជកម្មអេឡិចត្រូនិក ឱ្យកាន់តែរីកចម្រើនថែមទៀត ឱ្យឈានដល់ «ដំណាក់កាលរីកចម្រើន» ស្របនឹងនិន្នាការរបស់ប្រទេសផ្សេងៗក្នុងតំបន់។ ដើម្បីជួយជំរុញឲ្យមានការរីកចម្រើន នៃសហគ្រាសធុនតូច និងមធ្យម និងធុរកិច្ចថ្មីស្របតាម សេដ្ឋកិច្ចឌីជីថល, ក្រោមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន, «មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ» នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវបានបង្កើតឡើង ដើម្បីផ្សារភ្ជាប់រវាងអនាគតរបស់ការងារយុវជន និងចក្ខុវិស័យក្នុងយុគសម័យបច្ចេកវិទ្យា។

ប្រភពៈ dara-news