មនុស្សភាគច្រើនយល់ថា ជំងឺដាច់សរសៃឈាមខួរក្បាលកើតមានចំពោះតែមនុស្សវ័យចំណាស់ប៉ុណ្ណោះ ប៉ុន្តែអ្នកជំនាញជាច្រើនបានអះអាងថា ទោះបីជាមនុស្សវ័យក្មេងក៏អាចកើតមានជំងឺនេះដែរ។ បើយោងតាមគេហទំព័រ healthylifehouse បានបង្ហាញថា ជំងឺនេះអាចឆក់យកជីវិតមនុស្សភ្លាមៗ ដូច្នេះអ្នកគួរតែចេះសង្កេតមើលរោគសញ្ញាព្រមានដោយខ្លួនឯង ដើម្បីធ្វើការព្យាបាលបានទាន់ពេល។
១.ឧស្សាហ៍ស្រវាំង ឬព្រិលភ្នែក
ជំងឺដាច់សរសៃឈាមខួរក្បាលអាចបង្កឲ្យភ្នែកខ្សោយតែម្ខាងឬទាំងពីរ ហើយ ៤០ភាគរយនៃអ្នកដែលជួបបញ្ហានេះបានឲ្យដឹងថា បញ្ហាមើលមិនសូវឃើញនេះគឺជាសញ្ញាគ្រោះថ្នាក់បំផុត។
២.ឈឺក្បាល និងវិលមុខមួយរំពេច
អាការឈឺក្បាល ឬវិលមុខមួយរំពេច ក៏ជាសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាលដែរ ជាពិសេសស្ត្រីដែលមានវ័យ៤៥ឆ្នាំ។ ដូច្នេះ ប្រសិនបើអ្នកឧស្សាហ៍កើតមានបញ្ហាបែបនេះមែន សូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។
៣.និយាយមិនច្បាស់
រោគសញ្ញាដំបូងនៃជំងឺដាច់សរសៃឈាមខួរក្បាល គឺនៅសុខៗស្រាប់តែប្រែទៅជានិយាយលែងច្បាស់ខុសធម្មតា។ លើសពីនេះទៅទៀត អ្នកអាចនិយាយមមើមមាយ ហើយនិយាយខុសច្រើន។
៤.ឈឺមួយចំហៀងមុខ
ការឈឺចាប់អវយវៈណាមួយភ្លាមៗ គឺជារោគសញ្ញាទូទៅនៃជំងឺដាច់សរសៃឈាមខួរក្បាល ជាពិសេសផ្នែកផ្ទៃមុខរបស់អ្នកតែម្តង។
៥.ឈឺក្បាលប្រកាំង
ការសិក្សាមួយបានបង្ហាញថា ក្នុងចំណោមអ្នកស្ម័គ្រចិត្តចំនួន ៥៨៨នាក់ ដែលមានជំងឺដាច់សរសៃឈាមខួរក្បាលធ្ងនធ្ងរ ឧស្សាហ៍មានអាការឈឺក្បាល ហើយភាគច្រើនកើតមានចំពោះមនុសស្ស្រីច្រើនជាងបុរស។
អត្ថបទ៖ អ៊ាង សុផល្លែត