យន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់នៅក្នុងទឹកសមុទ្រ ក្បែរព្រលានយន្តហោះ Chuuk International Airport នៅប្រទេសមីក្រូណេស៊ី (Micronesia) នាថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នេះ។
ទោះបីជាយ៉ាងណា អ្នកដំណើរចំនួន ៣៥នាក់ រួមទាំងអាកាសយានិក ១២នាក់ផ្សេងទៀតនៅលើជើងហោះហើរ ANG73 នោះ មិនបានរងរបួសធ្ងន់ធ្ងរអ្វីឡើយ។ មូលហេតុដែលបង្កឲ្យកើតមានហេតុការណ៍នេះ ក៏មិនទាន់ត្រូវបានគេដឹងច្បាស់ដែរ ប៉ុន្តែការស៊ើបអង្កេតនឹងធ្វើឡើងក្នុងពេលឆាប់ៗ។
លោក Jimmy Emilio អ្នកគ្រប់គ្រងព្រលានយន្តហោះខាងលើ បានប្រាប់សារព័ត៌មាន BBC ឲ្យដឹងថា «យន្តហោះបានធ្លាក់ចូលទឹកសមុទ្រ ចម្ងាយប្រហែល ១៤០ម៉ែត្រប៉ុណ្ណោះពីផ្លូវយន្តហោះ។ ឥឡូវនេះយើងមិនទាន់ដឹងថាមានអ្វីកើតឡើងឲ្យប្រាកដឡើយ»។
លោក Emilio បានបន្ថែមទៀតថា មនុស្សនៅលើយន្តហោះ Boeing 737-800 ទាំងអស់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការត្រួតពិនិត្យ។
គួរឲ្យដឹងថា យន្តហោះខាងលើបានហោះហើរចេញពីកោះ Pohnpei ក្នុងប្រទេសមីក្រូណេស៊ី ទៅកាន់រាជធានី Port Moresby នៃប្រទេសប៉ាពូញូវហ្គីណេ (Papua New Guinea)៕
ប្រភព៖ news.sabay