មិចចឹង ឬ មួយ​ឡាន​ចោរ?...ទិញរថយន្តតពីគេ ដើម្បីយកទៅរត់តាក់ស៊ី ដោយមានស្លាកលេខស្រាប់ តែស៊យអី បែរជាជួបរឿងបែបនេះ...
-

រាជធានី​ភ្នំពេញ ៖  ជនសង្ស័យម្នាក់ ត្រូវបានម្ចាស់ស្លាក​លេខ​រថយន្ត​ពិត​ប្រាកដ ចាប់ឃាត់ខ្លួនប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បឹង​ទំពុន​ទី​១ ដើម្បីរកស ខ្មៅ ដោយ​ជាប់ចោទ​លួច​ស្លាក​លេខ​រថយន្ត​របស់​គេ ​មក​បំពាក់​លើ​រថយន្ត​របស់​ខ្លួនឯង ។ ការ​ឃាត់ខ្លួន​ ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៦ កញ្ញា នៅ​ភូមិ​ចម្រើន​ផល សង្កាត់​បឹង​ទំពុន​១ ខណ្ឌមានជ័យ ។


ម្ចាស់រថយន្តពិតមានឈ្មោះថា ឡុ​ង សិរី​វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១០២ ផ្លូវលំ សង្កាត់​បឹង​ទំពុន​១ ​ខណ្ឌមាន​ជ័យ ។ រីឯជនសង្ស័យ​មានឈ្មោះ ផុ​ន ផានិត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ស្នាក់​នៅ​ក្នុង​បុរី​សូ​នី ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។ ចំណែក​បក្សពួក​ផ្សេង​ទៀត​គេចខ្លួន​បាត់ ។


បើយោងតាមជនរងគ្រោះបានប្រាប់ឲ្យដឹងថា កាលពី​យប់​ថ្ងៃ​៩ មិថុនា ២០១៨​កន្លង​មក ជនរងគ្រោះបានយករថយន្តរបស់ខ្លួនម៉ាក​តូ​យ៉ូ​តា​ព្រូស ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០០៥ ពាក់​ស្លាក​លេខ​ភ្នំពេញ​២AM-៣០០៥ មកចតនៅកន្លែងកើតហេតុ ហើយក៏ចូលទៅសម្រាក លុះដល់លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១០ មិថុនា វេលា​ម៉ោង​៧​ព្រឹក ជន​រង​គ្រោះ​បាន​ចេញ​មក​យក​រថយន្ត​ទៅ​រៀន ស្រាប់តែ​ឃើញ​ស្លាក​លេខ​រថយន្ត​របស់​ខ្លួន​បាត់​អស់ ។


ជនរងគ្រោះបានបន្តទៀតថា លុះដល់​ថ្ងៃ​ទី​២៦ កញ្ញា វេលា​ម៉ោង​៣​រសៀល ជន​រង​គ្រោះ​ក៏​បានឃើញ​ស្លាក​លេខ​រថយន្ត​របស់​ខ្លួន​ដែល​បាត់ ​ត្រូវ​បាន​បំពាក់​ជាប់​នឹង​រថយន្ត​ម៉ាក​ព្រូស ពណ៌​ស ស៊េរី​ឆ្នាំ​២០១២ នៅ​ចំណុច​ជិត​ស្តុ​ប​ផ្សារ​សុរិយា ។ ជនរងគ្រោះបានប្តឹងទៅសមត្ថកិច្ច ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​៣​ ធ្វើការឃាត់រថយន្តខាងលើ និង​អ្នកបើកបរ​ដែល​ជា​ជនសង្ស័យ យក​មក​កាន់​ប៉ុស្តិ៍​បឹង​ទំពុន​ទី​១ ដើម្បី​សាកសួរ ។


បើតាមចម្លើយ​របស់​ជនសង្ស័យ​ថា​ គេ​មិន​បានដឹង​ថា ស្លាក​លេខ​រថយន្ត​នេះ​​ត្រូវ​បាន​គេ​លួច​មក​បំពាក់​នោះ​ទេ ព្រោះ​ខ្លួន​ទិញ​រថយន្ត​នេះ​ មាន​ស្លាក​លេខ​ស្រាប់តម្លៃ​១២០០០​ដុល្លារ គឺ​ទិញ​ត​ៗ​គ្នា​មក​រត់​តាក់ស៊ី ។


ចំណែកជនរងគ្រោះបានប្រាប់ទៀតថា ក្រោយ​ការ​បាត់​ស្លាក​លេខ ខ្លួន​ក៏​ទៅ​ធ្វើ​ស្លាក​លេខ​ថ្មី​មក​បំពាក់​ជាមួយ​រថយន្ត​ដែល​បាត់​នោះ​វិញ ។


បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​ទំពុន​១ កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​ កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕



ដោយ៖​ ភារ៉ា