សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ
-

នៅរសៀលថ្ងៃទី ២៩ កញ្ញា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ។


នៅក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ UN បានមានប្រសាសន៍អំពីកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងកម្ពុជា ក៏ដូចជារវាងអង្គការសហប្រជាជាតិ ជាមួយអាស៊ាន គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់។ លោកបានបន្តថា អង្គការសហប្រជាជាតិមានការប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ ជាមួយកម្ពុជាក៏ដូចជារវាងអង្គការសហប្រជាជាតិនិងជាមួយអាស៊ាន។


សម្តេចតេជោ ហ៊ុន សែន បានលើកសំណើរចំនួន៣ស្នើទៅកាន់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលទទួលបាននូវការឯកភាពពីលោកអគ្គលេខាធិការUN ក្នុងនោគឺៈ

១)ពាក់ព័ន្ធទៅនឹងការិយាល័យអង្គការសិទ្ធមនុស្សរបស់អង្គការសហប្រជាជាតិនៅកម្ពុជា ដែលគ្រោងនឹងចប់កិច្ចព្រមព្រៀងនៅចុងឆ្នាំ២០១៨នេះ សម្តេចបានអនុញ្ញាតឲ្យបន្តរយៈពេល២ឆ្នាំទៀត ហើយនៅក្នុងខែតុលាខាងមុខ គឺនៅពេលដែលសម្តេចអញ្ជើញទៅបំពេញទស្សនកិច្ចនៅទីក្រុងហ្សឺណែវនោះ នឹងមានការចុះហត្ថលេខារវាងឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសកម្ពុជា ជាមួយនិងតំណាងស្នងការសិទ្ធមនុស្សនៃអង្គការសហប្រជាជាតិ។ សម្តេចតេជោបន្តថា កម្ពុជាពិតជាមានឆន្ទះពេញលេញក្នុងការបន្តធ្វើការងារ ជាមួយអង្គការសហប្រជាជាតិ (UN) ស្តីពីសិទ្ធមនុស្ស។

ទី២) សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងអង្គការសហប្រជាជាតិ ស្តីពីសាលាក្តីខ្មែរក្រហមនៅកម្ពុជា។ សម្តេចមានប្រសាសន៍ថា កម្ពុជានឹងបន្តសកម្មភាពទាំងនោះដូចអ្វីដែលកម្ពុជាធ្លាប់បានធ្វើនិងអនុវត្តន៍ពីពេលមុនៗ។ គឺមានន័យថា អង្គការសហប្រជាជាតិបានស្នើឲ្យកម្ពុជាបន្តបង់ថវិកាលើការចំណាយរបស់មន្រ្តីបុគ្គលិកកម្ពុជា ដែលធ្វើការនៅសាលាក្តីខ្មែរក្រហម និង

ទី៣) រាជរដ្ឋាភិបាលកម្ពុជានឹងបន្តចូលរួមឲ្យកាន់តែសំរេចបានថែមទៀតលើបេសកកម្មនៃការថែរក្សាសន្តិភាពរបស់ UN ថាតើប្រទេសណាទៀតដែលត្រូវការកងទ័ពមួកខៀវរបស់កម្ពុជា ក្នុងការចូលរួមបំពេញបេសកកម្មមនុស្សធម៌នៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។


លោកអគ្គលេខាធិការ UN បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោដែលបានបន្តអាណត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជារយៈពេល២ឆ្នាំបន្តទៀត។ លើចំណុចទី ២ និងទី៣ គឺឯកឧត្តមអគ្គលេខាធិការមានប្រសាសន៍ថាកម្ពុជាពិតជាមានឆន្ទះពិតប្រាកដក្នុងការជួយដល់អង្គការសហប្រជាជាតិ ពិសេសវត្តមានកងទ័ពមួកខៀវដែលពោរពេញទៅដោយវិន័យ និងមានសមត្ថភាពពេញលេញក្នុងសកម្មភាពមនុស្សធម៌ និងថែរក្សាសន្តិភាពក្រោមឆ័ត្ររបស់ អង្គការសហប្រជាជាតិ៕


ប្រភព៖ Samdech Hun Sen, Cambodian Prime Minister