ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ ប្រជាពលរដ្ឋអាចធ្វើដំណើរតាមរថភ្លើងទៅខេត្តទាំង៧ ដោយមិនបាច់ចំណាយសាហ៊ុយធ្វើដំណើរមួយរៀលឡើយ។ យោងតាមអនុសាសន៍របស់សម្ដេច ហ៊ុន សែន កាលពីដើមខែសីហា ឆ្នាំ២០១៨ ប្រកាសថា ការធ្វើដំណើរតាមរថភ្លើងមិនគិតថ្លៃ សម្រាប់ប្រជាពលរដ្ឋទៅលេងស្រុកកំណើតនៅតាមបណ្ដាខេត្តតាកែវ កំពត ព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់បាត់ដំបង និងខេត្តបន្ទាយមានជ័យ។ យ៉ាងណាមិញ ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ចង់ធ្វើដំណើរតាមរថភ្លើង ដោយងាយស្រួល និងសុវត្ថិភាព គប្បីដឹងនូវ ៧ចំណុចខាងក្រោម ៖

១) ត្រូវទៅដល់ស្ថានីយឲ្យបានមុនម៉ោងយ៉ាងតិចកន្លះម៉ោងៈ ជាទូទៅរថភ្លើងចាប់ផ្ដើមវិលកង់នៅម៉ោង៧ ឬ៧ និង៣០នាទី។ ដូច្នេះគួរទៅរង់ចាំមុនដែលមានស្ថានីយរថភ្លើងនៅរាជធានីភ្នំពេញ ទល់មុខអគារវឌ្ឍនៈក្បែរសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៅម៉ោង៦ព្រឹក ដើម្បីរង់ចាំយកសំបុត្រដោយឥតគិតថ្លៃ។
២) អាចយកម៉ូតូកង់ទៅបានតែមានចំនួនកំណត់ៈ ប្រសិនលោកអ្នកចង់យកម៉ូតូ កង់ទៅជាមួយ គួរផ្ដល់ដំណឹងដល់បុគ្គលិកស្ថានីយរថភ្លើង ជាមុន ព្រោះចំនួនមានកំណត់។

៣) គួរដាក់អាហារទៅតាមខ្លួនៈ ដោយសាររថភ្លើងមិនអាចឈប់បានភ្លាមៗដូចរថយន្តក្រុងបានឡើយ បើចង់ឈប់ទិញរបស់ញ៉ាំគឺពិបាក។ ម្យ៉ាងវិញទៀត នៅតាមផ្លូវជាតំបន់វាលស្រែ ព្រៃភ្នំ ពុំមានកន្លែងលក់អីញ៉ាំឡើយ។ បើមិនដាក់ទៅមុខជាយ៉ាប់ហើយ ព្រោះទម្រាំដល់កន្លែងឈប់បាយថ្ងៃត្រង់ត្រូវរង់ចាំដល់ខេត្តពោធិ៍សាត់ខ្ទង់ម៉ោង២រសៀលជាងឯណោះ។
៤) ហាមចេញក្រៅទូរថភ្លើងផ្ដេសផ្ដាសៈ នៅតាមទូរថភ្លើងនីមួយៗមានអ្នកចាំរក្សាសណ្ដាប់ធ្នាប់ជូន ជាសមត្ថកិច្ចផង និងជាបុគ្គលិកក្រុមហុនរថភ្លើងផង។ ក្នុងនោះគេហាមមិនឲ្យចេញក្រៅទូរថភ្លើងថតរូបផ្ដេសផ្ដាសឡើយ ព្រោះខ្លាចមានគ្រោះថ្នាក់ជាយថាហេតុ។

៥) ពេលឈប់ដាក់អ្នកដំណើរតាមផ្លូវហាមចុះផ្ដេសផ្ដាសៈ មានករណីមួយទៀតរថភ្លើងឈប់ដើម្បីដាក់អ្នកដំណើរ តែមិនមែនឈប់សម្រាករយៈពេលយូរឡើយ។ ដូចនេះហាមចុះដាច់ខាត ប្រយ័ត្នរត់ភ្លើងចេញចោល។
៦) ហាមជក់បារីដាច់ខាតៈ ដូចដែលដឹងហើយបារីហាមជក់ដាច់ខាតនៅទីសាធារណៈ នៅភោជនីយដ្ឋាន ឬនៅលើរថយន្ត។ មិនខុសគ្នាដែរនៅលើរថភ្លើងហាមបង្ហុយផ្សែងបារីឲ្យសោះ ប្រយ័ត្នអ្នកជិះដទៃទៀត ព្រួតគ្នាថាស្ដីខ្មាសគេទៅ។
៧) ហាមចុះភ្លាមៗពេលដែលរថភ្លើងពុំទាន់មានលំនឹងៈ ពេលរថភ្លើងឈប់ឲ្យចុះ ត្រូវរង់ចាំកង់ឈប់វិលតែម្ដងចាំចុះ។ មានករណីខ្លះអ្នកជិះគ្រាន់តែឃើញរថភ្លើងឈប់សន្សឹមៗនាំគ្នាចុះបាត់។ បែបនេះអាចបង្កឲ្យមានគ្រោះថ្នាក់ណាមួយកើតឡើង ជាយថាហេតុ៕

ប្រភពៈ den-sharing.com