ភ្នំពេញៈ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ នៅផ្ទះ វីន វីន ម៉ាស្សាបុរាណខ្មែរ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ បុរសជាភ្ញៀវបានបដិសេធរាល់ការចោទប្រកាន់ ពីស្ត្រីម៉ាស្សានោះទាំងអស់ ខ្លួនមិនបានលួចយកទូរស័ព្ទរបស់នាងៗឡើយ ហើយកាលពីវេលាម៉ោង១១យប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ខ្លួនពិតជាបានចូល ទៅម៉ាស្សា នៅផ្ទះខាងលើមែន ជាមួយ នារីអាវក្រហម ហើយដេករហូតដល់ព្រឹកឡើង ទើបងើបត្រឡប់ទៅផ្ទះ។ ស្រាប់តែទូរស័ព្ទហៅខ្លួនមកវិញ សួរនាំនិងចោទ រឿងថាបាត់ទូរស័ព្ទទៅវិញ ហើយបាត់នៅបន្ទប់ផ្សេងទៅទៀត មិនមែនបាត់នៅក្នុងបន្ទប់ ស្ត្រីម៉ាស្សានោះឡើយ។

ស្ត្រីម៉ាស្សា បានប្តឹងទៅសមត្ថកិច្ចឲ្យជួយស្រាវជ្រាវ ទោះជាឆែកពិនិត្យមើលតាមរយៈកាមេរ៉ាសុវត្ថិភាព នៅផ្ទះម៉ាស្សាខាងលើ គ្មានឃើញភស្តុតាងណាមួយ ដែលចោទទៅលើភាគីខាងភ្ញៀវដែរ។ បន្ទប់ដែលស្ត្រីម៉ាស្សាម្នាក់ផ្សេងទៀតអះអាងថា បាត់ទូរស័ព្ទ I Phone7Plush ជាបន្ទប់ផ្សេង។ ដោយឡែក ហើយមើលតាមកាមេរ៉ាសុវត្ថិភាព ក៏គ្មានឃើញបុរសខាងលើ ចេញឬចូលបន្ទប់នោះដែរ ពេលចេញចូល តែបន្ទប់ដែលគេត្រូវចូលម៉ាស្សានោះ ។

ដោយមិនអស់ចិត្ត ជជែកចោទប្រកាន់និងប្រកែក នៅផ្ទះកើតហេតុមិនដាច់ស្រេច សមត្ថកិច្ចនាំភាគីសងខាងទៅសាកសួរនៅប៉ុស្តិ៍ លទ្ធផល ក៏គ្មានសញ្ញាណណាមួយ ហៅថាជាភស្តុតាង ត្រូវចោទប្រកាន់ទៅលើភ្ញៀវដែរ គ្មានហេតុផលច្បាស់លាស់ សមត្ថកិច្ចឲ្យវិលត្រឡប់ទៅវិញទាំង និងបន្តស្រាវជ្រាវបន្ថែមទៀត ៕

