កំពង់ធំៈ កាលពីវេលាម៉ោង២ៈ៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសូយោង ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ មានករណីគ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់មួយ រវាងរថយន្ដបីគ្រឿង ប្រលះគ្នាយ៉ាងពេញទំហឹង នៅលើផ្លូវជាតិលេខ៦ តែសំណាងល្អ ដែលមនុស្សជាច្រើននាក់បានរួចផុតពីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ឋត់នេះ។

ហេតុការណ៍នេះបណ្ដាលមកពីរថយន្តទូរីស ១២កៅអី ដឹកផ្លែឈើ ទិសដៅពីត្បូងទៅជើងមកដល់កន្លែងកើតហេតុ ក៏បែកកង់រេចង្កូតមកខាងឆ្វេងដៃ ពេលនោះរថយន្តដឹកទំនិញយីឌុប ទៅពីជើងទៅត្បូង ទិសដៅផ្ទុយគ្នា ឃើញឧបសគ្គនៅចំពោះមុខក៏បន្ថយល្បឿនដើម្បីឈប់កុំឱ្យកិនទំនិញផ្លែឈើរបស់គេ ស្របពេលរថយន្តដឹកទំនិញបន្ថយល្បឿន ស្រាប់តែរថយន្តរបស់ក្រុមហ៊ុនទេសចរណ៍ Giantibis ធ្វើដំណើរពីត្បូងទៅជើង មានទិសដៅផ្ទុយគ្នាវិញ បើកបរក្នុងល្បឿនលឿន បានទៅបុកចំរថយន្តយីឌុប បណ្ដាលឲ្យរថយន្តនោះធ្លាក់ចេញពីផ្លូវ តែសំណាងល្អអ្នកដំណើរនៅក្នុងរថយន្តទាំងអស់ និងអ្នកបើកបរ អត់មានអ្នករងរបួសនោះទេ។ រថយន្ដទាំងបីគ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕





