ដឹងតែមិនរស់ហើយជាតិនេះ.. ! ផ្លូវកាន់តែស្ទុះ សាំងកាន់តែឡើងថ្លៃ ក្នុង១លី ៤៥៥០រៀល
-

ភ្នំពេញ៖ តម្លៃប្រេងឥន្ទនៈនៅតាមបណ្តាស្ថានីយ៍មួយចំនួនសម្រាប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ ចាប់ផ្ដើមបន្តហក់ឡើងថ្លៃរហូតដល់ ៤៥៥០រៀល សម្រាប់សាំងស៊ុបពែរ ខណៈរាជរដ្ឋាភិបាល បានឲ្យរក្សាតម្លៃនៅត្រឹម ៣៨៥០រៀលទាំងសាំងស៊ុបពែរ និងសាំងធម្មតា ក្នុងគ្រាដែលរាជរដ្ឋាភិបាល បានបញ្ចេញថវិកាប្រមាណជា ៣០លានដុល្លារ ដើម្បីជួយចេញថ្លៃខាត របស់ម្ចាស់ស្ថានីយ៍ នៅទូទាំងប្រទេស ។


តាមការសង្កេតនៅតាមបណ្តា ស្ថានីយ៍មួយចំនួនទៀតដូចជា ស្ថានីយ៍ប្រឹងឥន្ទនៈតេលាក៏មានតម្លៃ ៤៥០០រៀលដែរ សម្រាប់សាំងស៊ុបពែរ និងសាំងធម្មតា ៤២០០រៀល ។ ក្នុងនោះ ស្ថានីយ៍ប្រេងឥន្ទនៈតូតាល់វិញ សាំងស៊ុបពែរតម្លៃ ៤៥៥០រៀល និងសាំងធម្មតា ៤២០០ រៀល ហើយស្ថានីយ៍ប្រេងឥន្ទនៈសូគីមិចក៏មិនខុសគ្នាដែរ គឺសាំងស៊ុបពែរមានតម្លៃ ៤៥៥០រៀល និងសាំងធម្មតា ៤២០០រៀល ។


សូមបញ្ជាក់ថា ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ តម្លៃប្រេងសាំងនឹងចុះថ្លៃមកត្រឹម​ ៣៨៤០រៀល មិនថាស៊ុបពែរ និងធម្មតាទេ ។


សម្ដេចបន្តថា រដ្ឋនឹងត្រូវខាតបង់ក្នុងមួយឆ្នាំចំនួន ៣០លានដុល្លារបន្ថែមទៀត ជាមួយនិងការឧបត្ថម្ភទុន ដោយស្ងាត់ស្ងៀម ។


សម្ដេចថា “រដ្ឋរួមចំណែកបញ្ចុះតម្លៃប្រេង ២សេនដុល្លារ បូករួមទាំងវិស័យឯកជនចំនួន ២សេនដុល្លារទៀត ដូច្នេះចាប់ពីថ្ងៃទី១ កក្កដា តម្លៃប្រេងទាំងអស់នឹងត្រូវចុះ ៤សេនដុល្លារ (១៦០រៀល) មិនថាស៊ុបពែរ និងធម្មតាទេ” ៕


ដោយៈភារ៉ា