ចាំមើល អភិបាលខេត្តព្រះសីហនុ គិតយ៉ាងមិចដែរ!!! ក្រសួងរៀបចំដែនដី ចេញលិខិតជូនលោក យន្ត មីន ត្រូវបញ្ឈប់ផ្តល់គោលការណ៍សំណង់អាគារខ្ពស់ៗខុសច្បាប់ទៀត ក្នុងក្រុងព្រះសីហនុ
-

ព្រះសីហនុៈ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណងតាម រយៈលោក ឆាន់ សាផាន រដ្ឋលេខាធិការ ប្រចាំការបានជម្រាបជូនលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ត្រូវបញ្ឈប់ផ្តល់គោលការណ៍ឲ្យដំណើរសាងសង់មុនទទួលបានលិខិតអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ច ដែលជាហេតុបង្កឲ្យមានបទល្មើសសំណង់ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សោភណភាពនិងគុណភាពសំណង់តែម្តង ។

ក្នុងលិខិតរបស់លោក ឆាន់ សាផាន រដ្ឋលេខាធិការប្រចាំការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លេខ២៤១៧ ដនស/អរប ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថាក្រសួងសូមជម្រាបដល់លោក យន្ត មីន អភិបាលគណៈអភិបាលខេត្តព្រះ សីហនុឲ្យជ្រាបថា ការដ្ឋានសំណង់ជាច្រើន ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ បាននិងកំពុងដំណើរការសាងសង់ខ្លះជិតរួចរាល់ទាំស្រុងទៅហើយ ដោយពុំមានលិខិតអនុញ្ញាត សាងសង់មានតែគោលការណ៍ឲ្យដំណើរការសាងសង់មុនទទួលបានលិខិតអនុញ្ញាតសាងសង់ ចេញដោយរដ្ឋបាលខេត្តព្រះសីហនុប៉ុណ្ណោះ ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកសកម្មភាពសាងសង់សំណង់មុនទទួលបានលិខិតអនុញ្ញាតពីស្ថាប័នជំនាញនេះគឺផ្ទុយពីស្មារតីនៃអនុក្រឹត្យលេខ៨៥ អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ ស្តីពីលិខិតអនុញ្ញាតសាងសង់បណ្តាលឲ្យកើតមានបទល្មើសសំណង់ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ សោភណភាពនិងគុណភាពសំណង់តែម្តង ។